នាថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្យាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស និងជាសមាជិកក្រុមការងារម៉ូដែលទុកដាក់ទិន្នន័យ នៃអាជ្ញាធរទន្លេសាប បានចូលរួម សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការចែករំលែកទិន្នន័យព័ត៌មាន ក្រោមនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ ស្តីពីការចែករំលែក និងផ្លាស់ប្តូរទិន្នន័យ-ព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីមន្ត្រីតំណាង និងមន្ត្រីទុកដាក់ទិន្នន័យពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ អគ្គិសនីកម្ពុជា និង ក្រុមជំនាញការពីលេខាធិការដ្ឋាន MRC សរុប ២៤រូប (ស្ត្រី ២រូប)។
គោលបំណងនៃសិក្ខាសាលាគឺ
១. ដើម្បីបង្កើនការយល់ដឹងអំពី ក្របខ័ណ្ឌការងារក្រោមនីតិវិធី PDIES របស់ MRC រួមទាំងរចនាសម្ព័ន្ធ យន្តការនៃការអនុវត្ត គោលការណ៍ណែនាំបច្ចេកទេសដែលបានកែសម្រួល និងឧបករណ៍ដែលមាន
២. ពង្រឹងទំនាក់ទំនងអ្នកទុកដាក់ទិន្នន័យព័ត៌មាន បណ្តាស្ថាប័នជាតិជាមួយ និងក្រុមការងាររៀបចំប្រព័ន្ធទិន្នន័យព័ត៌មានថ្នាក់តំបន់MRC
៣. ប្រមូលការយល់ដឹងពីមន្ត្រីទុកដាក់ទិន្នន័យ ស្តីពីការអនុវត្តនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងការចែករំលែក និងការប្រើប្រាស់ទិន្នន័យទាក់ទងនឹងទឹក
៤. ពង្រឹងការសម្របសម្រួល កិច្ចសន្ទនាលើការធ្វើឱ្យប្រសើរឡើងនូវលំហូរការងារ និងលទ្ធភាពប្រើប្រាស់ទិន្នន័យជាតិ និងតំបន់
៥. រៀបចំឯកសារផ្តល់យោបល់តាមសភាពជាក់ស្តែងសម្រាប់កែលម្អការអនុវត្ត PDIES និងបង្កើនការទាញយកទិន្នន័យ និងឧបករណ៍ថ្នាក់ជាតិរបស់ MRC។
សូមជម្រាបថា PDIES គឺជានីតិវិធីចម្បងមួយនៃនីតិវិធីទាំង៥ នៃគណៈកម្មការទន្លេមេគង្គ (MRC) នីតិវិធីគឺសម្រាប់ការផ្លាស់ប្តូរទិន្នន័យ និងការចែករំលែកព័ត៌មាន ហើយត្រូវបានបង្កើត និងអនុម័តក្នុងឆ្នាំ ២០០១ PDIES ដែលជាក្របខ័ណ្ឌមួយសម្រាប់ប្រទេសសមាជិក MRC តម្រូវធ្វើគាំទ្រដល់ការប្រមូលទិន្នន័យ ទុកដាក់ គ្រប់គ្រង និងប្រើប្រាស់រួមគ្នាបានឱ្យមានលទ្ធភាពទទួលបានព័ត៌មាន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាសម្រាប់ជាប្រយោជន៍ដល់ប្រទេសក្នុងអាងទន្លេមេគង្គ៕













