នាថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក អ៊ូ ទូច ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី កិច្ចព្រមព្រៀងការងារ និងលំហូរការងារស្វ័យប្រវត្តិកម្មក្នុងផ្នែកធនធានមនុស្ស និងការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រុមការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងរដ្ឋបាលជលផល តំណាងអាជ្ញាធរទន្លេសាប និងក្រុមការងារជំនាញការថ្នាក់តំបន់ នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ(MRC) សរុបមានចំនួន ១៩នាក់ ( ស្រី ៥នាក់) ។
សិក្ខាសាលានេះមានគោលបំណង៖
- ដើម្បីបង្កើនការយល់ដឹង និងសមត្ថភាពរបស់ប្រទេសជាសមាជិកទាក់ទងនឹងការអនុវត្ត និងការអនុលោមតាមយន្តការរបស់គណៈកម្មការទន្លេមេគង្គ និងគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង
- ពង្រឹងការសម្របសម្រួលរវាងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងក្រុមការងារនៃគណៈកម្មាធិការទន្លេមេគង្គជាតិ សម្រាប់ការគ្រប់គ្រង ការអនុលោមតាមច្បាប់ និងការត្រួតពិនិត្យផ្នែកលទ្ធកម្ម និងបទប្បញ្ញត្តហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពក្នុងការរៀបចំឯកសារ និងដាក់សំណើសុំការទូទាត់ទៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
សូមជម្រាបថា អាជ្ញាធរទន្លេសាបបានធ្វើការសិក្សាស្រាវជ្រាវការតាមដានភាពសម្បូរត្រី និងភាពចម្រុះប្រភេទត្រីតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបអស់រយៈពេល ១៤ ឆ្នាំ កន្លងមកហើយ ដោយមានការជួយគាំទ្រ ឧបត្ថម្ភថវិកា និងបច្ចេកទេសពីគណៈកម្មការទន្លេមេគង្គ និងសម្របសម្រួលការងារដោយគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា៕












