សកម្មភាពមន្ត្រីបច្ចេកទេសទីវាល អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ចុះបង្ហោះដ្រូនផ្តិតយករូបភាព ស្ថានភាពទូទៅនៃការប្រើប្រាស់ដីធ្លី និងទម្រង់ស្ទឹងសំខាន់ៗទាំង ១១ ជុំវិញតំបន់បឹងទន្លេសាប ក្នុងរដូវប្រាំង ស្ថិតក្រោមផ្លូវជាតិលេខ៥ និងលេខ៦ (ជំហាន១) នៃខេត្តទាំង ៦ ជុំវិញតំបន់បឹងទន្លេសាប សម្រាប់ជាទឡ្ហិករណ៍បឋម ក្នុងការចុះសិក្សាស្រាវជ្រាវជាក់ស្តែងតាមស្ទឹងទាំង ១១។
សូមជម្រាបថា ស្ទឹងសំខាន់ៗទាំង ១១ ជុំវិញតំបន់បឹងទន្លេសាប គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបទាំងមូល ដោយនាំយកទឹក ដីល្បាប់ សារធាតុចិញ្ចឹម និងសមាសធាតុសរីរាង្គផ្សេងៗពីផ្ទៃរងទឹកភ្លៀងនៃអាងទន្លេសាបចាក់ចូលទៅក្នុងបឹង។ លើសពីនេះទៅទៀត ស្ទឹងទាំងនេះក៏មានតួនាទីសំខាន់ផងដែរសម្រាប់សង្គម-សេដ្ឋកិច្ច ដោយផ្តល់នូវទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗ៕



















