នាថ្ងៃអង្គារ ១២រោច ដល់ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោក សុខ រ៉ាយ៉ុង ប្រធានការិយាល័យអភិរក្ស នៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលកំពង់ប្រាក់ ស្ថិតក្នុងភូមិសាស្ត្រភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងការចុះសិក្សានេះ ក្រុមការងារបាន៖
ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយ ផ្នែករដ្ឋបាលជលផលស្រុកក្រគរ និងមន្ត្រីដែលប្រចាំការនៅស្នាក់ការក្នុងតំបន់អភិរក្ស
ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជានេសាទ
ចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅតំបន់អភិរក្សជលផលកំពង់ប្រាក់។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលកំពង់ប្រាក់ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ ការចុះសិក្សាជំហានដំបូងនេះមានគោលបំណង៖
ស្វែងយល់ពីរចនាសម្ព័ន្ធនៃការគ្រប់គ្រងអ្នកចូលរួមគ្រប់គ្រង អភិរក្ស ទស្សនៈវិស័យ និងផែនការគ្រប់គ្រងនៅក្នុងតំបន់អភិរក្សជលផលកំពង់ប្រាក់
ស្វែងយល់ពីសក្តានុពលនៃធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងស្ថានភាពទូទៅផ្សេងៗទៀត៕












