ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការចូលរួម ការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក តំបន់បឹងទន្លេសាប ប្រកបដោយនិរន្តរភាព នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បានដឹកនាំមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បន្តចុះផ្សព្វផ្សាយ ច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ញត្តិនានាពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ។ វគ្គផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលស្រុកតាំងគោក លោកមេឃុំ ជំទប់ឃុំ និងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ សរុបចំនួន ៧២នាក់។
វគ្គផ្សព្វផ្សាយនេះ មានគោលបំណងផ្ដោតសំខាន់លើ ៖
- បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក។
- សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ប្រកបដោយនិរន្តរភាព ។
សូមបញ្ជាក់ថា ខ្លឹមសារសំខាន់នៃវគ្គផ្សព្វផ្សាយនេះ បានបង្ហាញពីសារៈសំខាន់របស់បឹងទន្លេសាប ព្រៃលិចទឹក រួមនឹងវិធានការការពារធនធានធម្មជាតិ ដោយការចូលរួមក្នុងការអនុវត្តច្បាប់ បទបញ្ញត្តិនានា ដើម្បីធានាឱ្យបាននូវការការពារ ថែរក្សា និងគ្រប់គ្រងធម្មជាតិ ជីវចម្រុះ ធនធានជលផល ព្រៃលិចទឹកនៅតំបន់ទ្រនាប់ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់ និងរក្សាបាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ដែលជាអត្តសញ្ញាណជាតិមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិ ព្រមទាំង ខ្លឹមសារដែលមានចែងក្នុងក្រមបរិស្ថាន ច្បាប់ស្ដីពីជលផល និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋ ក្នុងដែនដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប៕














