ខេត្តពោធិ៍សាត់: នាថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ អាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ ច្បាប់ និងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ដែលបានអញ្ជើញចូលរួមពីលោក លោកស្រីជាមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ តំណាងសហគមន៍នេសាទ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រជាប់តំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប ឃុំស្នាមព្រះ បឹងបត់កណ្តោល អូរតាប៉ោង និងឃុំមេទឹក ស្រុកបាកានខេត្តពោធិ៍សាត់ សរុបចំនួន ១៣២ នាក់។
សូមជម្រាបជូនថា ការចុះផ្សព្វផ្សាយនេះ គោលបំណងផ្ដោតសំខាន់លើ :
- បញ្ជៀបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ និងព្រៃលិចទឹក
- សំដៅធានាបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ប្រកបដោយនិរន្តរភាព ។
ឆ្លៀតក្នុងឱកាសនៃវគ្គផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាននេះដែរ ក្រុមការងារបានបញ្ជ្រាបការយល់ដឹងដោយសង្កត់ធ្ងន់លើសារ:សំខាន់នៃបឹងទន្លេសាប ដែលជាអត្តសញ្ញាណជាតិមិនអាចកាត់ថ្លៃបាន និងកត្តាប្រឈមនានា ដែលបាន និងកំពុងជះឥទ្ធិពលគំរាមកំហែងមកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ដូចជាសកម្មភាពក្នុងការទន្ទ្រានដីព្រៃលិចទឹកនិងការនេសាទខុសច្បាប់ ជាដើម ដែលតម្រូវឱ្យរួមគ្នាពង្រឹងការអនុវត្តច្បាប់លើជនបង្កបទល្មើស ដើម្បីធានាការការពារ ថែរក្សា និងគ្រប់គ្រងធម្មជាតិ ជីវចម្រុះ ធនធានជលផល ព្រៃលិចទឹកនៅតំបន់៣ នៃបឹងទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ជូនថា: អាជ្ញាធរទន្លេសាប គឺជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ដែលមានភារកិច្ចក្នុងការតាមដាន ត្រួតពិនិត្យ អធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក បានធ្វើកិច្ចសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការបោះបង្គោលកំណត់ព្រំតំបន់៣ នៃព្រៃលិចទឹក នៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់តំបន់ព្រៃលិចទឹកបឹងទន្លេសាប អោយប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ៕










