កាលពីថ្ងៃចន្ទ ៤រោច ដល់ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២៥ លោក ម៉ម សុធា ប្រធានការិយាល័យជីវចម្រុះ នៃនាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសចុះ សិក្សាស្រាវជ្រាវ តាមដានវិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្ត្រ និងផលប៉ះពាល់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទនៅក្នុងតំបន់បឹងពារាំង និងតំបន់ចុងឃ្នៀសខេត្តសៀមរាប និងតំបន់ព្រែកទាល់ខេត្តបាត់ដំបង។
ការចុះសិក្សានេះ ក្រុមការងារបានធ្វើការលើ ៖
១. សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា
២. ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ និងពិនិត្យលើលំនៅដ្ឋានធនធានជលផល
៣. សម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតំបន់អភិរក្សសត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទក្នុងតំបន់សិក្សា ដើម្បីប្រមូលទិន្នន័យ/ព័ត៌មានលើប្រភេទនីមួយៗ។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដានវិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្ត្រ និងផលប៉ះពាល់ធនធានត្រី និងជីវចម្រុះគ្រប់ប្រភេទ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។ សកម្មភាពខាងលើនេះ មានគោលបំណង៖
តាមដាន និងវាយតម្លៃប្រភេទធនធានជលផល ទៅតាមប្រភេទឧបករណ៍នេសាទក្នុងតំបន់សិក្សា
បច្ចុប្បន្នភាពប្រភេទសត្វស្លាប និងថនិកសត្វក្នុងតំបន់សិក្សា៕












