ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដោយឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេស នៃអាជ្ញាធរទន្លេសាប ចុះពិនិត្យករណីជីកស្តារបឹងអភិរក្សរហាលប្រារបស់សហគមន៍នេសាទល្វា នៅក្នុងតំបន់៣ ស្ថិតក្នុងភូមិសាស្ត្រឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដោយមានកិច្ចសហការចូលរួមពីលោក ធឿត សូវៀត នាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្តសៀមរាប, លោក ស៊ីន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក រួមជាមួយនឹងតំណាងមន្ទីរធនធានទឹក និងឧតុនិយម, តំណាងមន្ទីរបរិស្ថាន, សង្កាត់រដ្ឋបាលជលផលពួក, អាជ្ញាធរឃុំល្វា, កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា និងសហគមន៍នេសាទល្វា។
សូមជម្រាបថា បឹងអភិរក្សរហាលប្រា ជាបឹងធម្មជាតិដីសើមក្នុងតំបន់ ៣ ហ៊ុមព័ទ្ធដោយព្រៃលិចទឹក វាលស្មៅ សម្បូរណ៍ដោយចំណី និងបានក្លាយជាជម្រកដ៏សំខាន់សម្រាប់ត្រីមេពូជ សត្វស្លាប និងជីវចម្រុះគ្រប់ប្រភេទ ក្នុងការពងកូន បង្កកំណើត ដែលជួយបង្កើនផលស្តុកធនធានជលផលក្នុងបឹងទន្លេសាប។ ក៏ប៉ុន្តែដោយសារបម្រែបម្រួលអាកាសធាតុ និងកម្ដៅហួតហែង បានធ្វើឱ្យបឹងអភិរក្សត្រីមេពូជរហាលប្រា មានសភាពគោករាក់ បណ្តាឱ្យប៉ះពាល់ដល់ចរាចរ និងជម្រកត្រីមេពូជ ។ ដើម្បីរក្សាត្រីមេពូជ និងជីវចម្រុះក្នុងតំបន់អភិរក្សនេះ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យលទ្ធភាពបច្ចេកទេសក្នុងការជីកស្តាររបស់សហគមន៍ ដោយធ្វើយ៉ាងណាកុំបំផ្លាញ និងប៉ះពាល់ធ្ងន់ធ្ញរដល់ព្រៃលិចទឹកក្នុងតំបន់នោះ ។
ជាលទ្ធផល ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស បានណែនាំឱ្យសហគមន៍ល្វាធ្វើសំណើមកអាជ្ញាធរទន្លេសាប តាមរយៈអាជ្ញាធរខេត្ត និងជំនាញពាក់ព័ន្ធខេត្តសៀមរាប ដោយមានភ្ជាប់ជាមួយនូវផែនការអភិវឌ្ឍន៍ជីកស្តារបឹងរបស់សហគមន៍ល្វា ដើម្បីធានាបាននូវប្រព័ន្ធអេកូឡូស៊ី និងមាននិរន្តរភាពនៃតំបន់បឹងទន្លេសាប៕


















