នាថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីបច្ចេកទេសនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាពីស្ថានភាពទូទៅ សក្តានុពល បញ្ហាប្រឈម និងកត្តាគំរាមកំហែងផ្សេងៗដល់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍ ស្ថិតក្នុងសហគមន៍នេសាទមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ដំណើរនៃការចុះសិក្សានេះមានគោលបំណង៖
១. សិក្សាស្វែងយល់ពីស្ថានភាពទូទៅ ដំណើរការនៃការគ្រប់គ្រងសហគមន៍នេសាទ ប្រសិទ្ធិភាព ព្រមទាំងកត្តាផ្សេងៗដែលជា បញ្ហាប្រឈមដល់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍
២. ស្វែងយល់ពីធនធានធម្មជាតិដែលមាននៅក្នុងតំបន់សហគមន៍ វិធីសាស្ត្រនៃការគ្រប់គ្រង វិធានការដោះស្រាយរួម និងដំណើរការឆ្ពោះទៅការគ្រប់គ្រង និងអភិរក្ស ធនធានធម្មជាតិ និងជលផលនៅជុំវិញបឹងទន្លេសាប ប្រកបដោយចីរភាព និងនិរន្តរភាព។
ការចុះបំពេញបេសកកម្មនេះ ក្រុមការងារបាន៖
- ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងប្រជានេសាទក្នុងតំបន់
- ចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅរបស់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាអំពីស្ថានភាពទូទៅ សក្តានុពល និងបញ្ហាប្រឈមនានារបស់សហគមន៍នេសាទ និងកន្លែងអភិរក្សសហគមន៍ ស្ថិតក្នុងសហគមន៍នេសាទមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាផ្នែកមួយនៃសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕











