នាថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវ តាមដានវាយតម្លៃពីបរិមាណផលចាប់ធនធានត្រី ជីវចម្រុះគ្រប់ប្រភេទ និងការធ្វើវារីវប្បកម្ម នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង សង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រុមការងារចុះសិក្សាមានគោលបំណងសំខាន់ៗដូចជា៖
- សិក្សាតាមដានបរិមាណផលចាប់ដែលធ្វើអាជីវកម្មនៅតាមច្រកឡើងត្រី
- សិក្សាតាមដានបរិមាណផលចាប់ប្រចាំថ្ងៃរបស់អ្នកនេសាទទៅតាមប្រភេទឧបករណ៍នេសាទ
- តាមដានលើស្ថិតិអ្នកចិញ្ចឹមត្រី
- សិក្សាបច្ចេកទេសនៃការចិញ្ចឹម ចរន្តទីផ្សារ និងវិភាគលើសេដ្ឋកិច្ចនៃការចិញ្ចឹម
- សិក្សាចរន្តទីផ្សារ តម្លៃទីផ្សារ ផលប៉ះពាល់ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ។
ការចុះសិក្សានេះ ក្រុមការងារបានចុះជួបជាមួយ ៖
១. អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ
២. សម្ភាសន៍ជាមួយអ្នកនេសាទ និងអ្នកចិញ្ចឹមត្រី
៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី និងតាមដានតម្លៃទីផ្សារត្រី។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដានវាយតម្លៃពីបរិមាណផលចាប់ធនធានត្រី ជីវចម្រុះគ្រប់ប្រភេទ និងសិក្សាការធ្វើវារីវប្បកម្ម គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប៕














