នាថ្ងៃចន្ទ ៨រោច ដល់ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨-១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យជីវៈចម្រុះ នៃនាយកដ្ឋានធនធានធម្មជាតិ អាជ្ញាធរទន្លេសាប បានចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្ត្រធនធានជីវៈចម្រុះនៅតំបន់បឹងទន្លេសាប ស្ថុិតក្នុងភូមសាស្ត្រតំបន់ផាត់សណ្តាយ ខេត្តកំពង់ធំ តំបន់សហគមន៍នេសាទស្រីចឹក ខេត្តពោធិ៍សាត់, តំបន់ព្រែកទាល់ ខេត្តបាត់ដំបង និងតំបន់សហគមន៍នេសាទបឹងពារាំង ខេត្តសៀមរាប។ ក្រុមការងារបានចុះសិក្សាផ្តោតសំខាន់លើសកម្មភាពស្នូលចំនួន ៣ រួមមាន៖
១. ការប្រមូលទិន្នន័យឧបករណ៍នេសាទ ដោយជួបសម្ភាសន៍ផ្ទាល់ជាមួយបងប្អូនប្រជានេសាទ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានលម្អិតអំពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទផ្សេងៗនៅក្នុងតំបន់សិក្សា
២. ការប្រមូលសំណាក និងកត់ត្រាបច្ចេកទេស ដោយចុះប្រមូលសំណាកប្រភេទត្រី និងធនធានជលផលផ្សេងៗ (ក្រៅពីត្រី) ព្រមទាំងធ្វើការកត់ត្រានូវកូអរដោនេទីតាំងនេសាទ (X, Y) និងវាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ
៣. ការសិក្សាពីប្រភេទសត្វស្លាប ដោយធ្វើការសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅតាមតំបន់អភិរក្សសត្វស្លាបក្នុងតំបន់សិក្សា ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានជាក់ស្តែងទៅតាមប្រភេទសត្វស្លាបនីមួយៗ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សាស្រាវជ្រាវ តាមដាន វិភាគ និងវាយតម្លៃពីលក្ខណៈជីវសាស្ត្រធនធានជីវៈចម្រុះនេះ គឺជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប។ បេសកកម្មខាងលើនេះ ធ្វើឡើងក្នុងគោលបំណង៖
- តាមដាន និងវាយតម្លៃស្ថានភាពប្រភេទធនធានជលផល ទៅតាមប្រភេទឧបករណ៍នេសាទក្នុងតំបន់សិក្សា
- ធ្វើបច្ចុប្បន្នភាពទិន្នន័យប្រភេទសត្វស្លាប ល្មូន និងថនិកសត្វ នៅក្នុងតំបន់សិក្សា ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រង និងអភិរក្សប្រកបដោយចីរភាព៕

















