នាថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ហេង បូរាណ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាប និងជាសមាជិកក្រុម នៃអ្នកជំនាញការកម្ពុជា ៤រូប បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកទី២១ នៃក្រុមអ្នកជំនាញការ ស្តីពីទិន្នន័យ ម៉ូដែល និងការព្យាករ ដែលផ្តោតលើម៉ូដែលក្របខ័ណ្ឌគាំទ្រការធ្វើសេចក្តីសម្រេចចិត្តបច្ចុប្បន្នភាព (DSF) នៅទីក្រុងហាណូយ, ប្រទេសវៀតណាម។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យពិភាក្សាបន្ថែមលើលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពម៉ូដែល នឹងរបាយការណ៍បច្ចេកទេសចុងក្រោយ សម្រាប់ការយល់ដឹងរួមគ្នា ដើម្បីផ្តល់ការឯកភាព លើការធ្វើបច្ចុប្បន្នភាព DSF សម្រាប់ការប្រើប្រាស់ក្នុងដំណើរការធ្វើផែនការ របស់គណៈកម្មការទន្លេមេគង្គ។
សូមជម្រាបជូនថា កិច្ចប្រជុំថ្នាក់តំបន់នេះ ដឹកនាំសម្របសម្រួលដោយតំណាងគណ:កម្មាធិការជាតិទន្លេមេគង្គវៀតណាម និងសហប្រធានពីតំណាងលេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីក្រុមអ្នកជំនាញការនៃប្រទេសជាសមាជិកមេគង្គរួមមាន ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ ក្រុមការងារលេខាធិការដ្ឋាន MRC និងក្រុមហ៊ុនប្រឹក្សា DHI សរុប ២៥ រូប(ស្រី ៣រូប)៕










