ការសិក្សា​តាមដាន​ពី​ធនធាន​ត្រី​តាម​បណ្តា​អាជីវកម្ម​ឡូត៍​ដាយ​នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​រដូវ​នេសាទ​ឆ្នាំ 2015-2016

ក្រុមការងារ​នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​សាស្ត្រាចារ្យ លឹម ពុ​យ ដែលមាន​ការចូលរួម​ពី​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស និង​មន្ត្រី​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចុះ​សិក្សា តាមដាន ពី​ធនធាន​ត្រី​នៅ​អាជីវកម្ម​ឡូត៍​ដាយ​ទាំង 15 ជួរ នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2015 ។ លទ្ធផល​សង្ខេប មាន​ដូចខាងក្រោម​៖
-​ ​កំពស់​ទឹក​ទន្លេសាប​នៅ​ស្ថានីយ​ព្រែក​ក្តាម​៖ នៅ​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2015 មាន​ភាព​ទាប​ជាង​ប្រមាណ 1.50 m បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ 2014
-​ ​ល្បឿន​ទឹក​នៅតាម​បណ្តា​ជួរ​ឡូត៍​ដាយ​ទាំង 15 ជួរ មាន​ភាពខុសគ្នា​៖ នៅ​បណ្តា​ជួរ​ឡូត៍​ដាយ​ដើម​ទឹក ល្បឿន​ទឹក មាន​ប្រមាណ​ពី 0.70 m/s ទៅ 0.80 m/s ចំណែកឯ​បណ្តា​ជួរ​ឡូត៍​ដាយ​នៅ​ចុង​ទឹក ល្បឿន​ទឹក មាន​ប្រមាណ​ពី 1.1 m/s ទៅ 1.4 m/s
-​ ​ផល​ចាប់ នៅតាម​បណ្តា​ជួរ​ឡូត៍​ដាយ​ដើម​ទឹក មាន​ប្រមាណ 20 kg/​ថ្ងៃ ចំណែកឯ​បណ្តា​ជួរ​ឡូត៍​ដាយ​នៅ​ចុង​ទឹក មាន​ប្រមាណ​ក្រោម 5 kg/​ថ្ងៃ តែប៉ុណ្ណោះ​
-​ ​ក្នុងចំណោម​ប្រភេទ​ត្រី​ប្រមាណ 48 ប្រភេទ ដែល​បាន​ដកស្រង់​ពី​សំណាក ប្រមាណ​ជាង 90% សុទ្ធសឹង​ជា ត្រី​ដែលមាន​ប្រវែង​ក្រោម 8 cm ។ ប្រភេទ​ត្រី​ដែលមាន​តម្លៃ​ខ្ពស់ ដូចជា ត្រី​កេស ត្រី​ប្រ​ម៉ា ត្រី​ក្លាំងហាយ ត្រី​ប្រា ត្រី​អណ្តាតឆ្កែ​និង​ត្រី​ច្រកែង សុទ្ធសឹង​ជា​ត្រី​ដែលមាន​ទម្ងន់​ក្រោម 100g ។​
​ក្រុមការងារ​នៃ​អាជ្ញាធរ​ទន្លេសាប នឹង​បន្ត​ការសិក្សា តាមដាន លើ​ផល​ចាប់ ប្រភេទ​ត្រី ប្រវែង​/​ទម្ងន់ ព្រមទាំង​ការវាស់វែង​ល្បឿន​ទឹក និង​កំពស់​ទឹក រហូតដល់​ចុងខែ​មករា ឆ្នាំ 2016 ។​