ការចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការពង្រឹង​នូវ​ការយល់ដឹង និង​ការចូលរួម​កិច្ចសហប្រតិបត្តិការ​មេគង្គ​ក្នុង​ក្របខណ្ឌ CNMC និង MRC

នា​ថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខា​សាល​ផ្សព្វផ្សាយ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ស្តីពី​ការពង្រឹង​នូវ​ការយល់ដឹង​និង​ការចូលរួម​កិច្ចសហប្រតិបត្តិការ​មេគង្គ​ក្នុង​ក្របខណ្ឌ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​(CNMC) និង​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) នៅ​សាលប្រជុំ​នៃ​សណ្ឋាគារ​សោ​ម៉ា​ទេវី​អង្គរ ក្រុង​សៀមរាប និង​មានការ​ចូលរួម​ពី​តំណាង​មន្ត្រី​ថ្នាក់ជាតិ​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សមាជិក​សរុប​ចំនួន 25 រូប ។ សិក្ខាសាលា​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​សំខាន់ៗ គឺ​ទី​១- ជម្រាបជូន​អំពី​ទិសដៅ​របស់ MRC សម្រាប់​ពេលអនាគត​តាមរយៈ​ការបង្ហាញ​ជូន​នូវ     ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​មេគង្គ​ឆ្នាំ​២០១៦-២០២០ (Basin Development Strategy) ផែនការ​យុទ្ធសាស្ត្រ​របស់ MRC ឆ្នាំ​២០១៦-២០២០ និង​ការកែទម្រង់​រចនាសម្ព័ន្ធ​ស្ថាប័ន MRC ។ ទី​២- ចែករំលែក​ការយល់ដឹង​អំពី​ការលើកកម្ពស់​យន្តការ​សម្របសម្រួល​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ជាមួយ​ក្រសួង​-​ស្ថាប័ន ជា​សមាជិក​ក្នុង​ក្របខណ្ឌ MRC និង​ទី​៣- ចែករំលែក​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ និង​បណ្តា​នីតិវិធី គោលការណ៍​ណែនាំ​បច្ចេកទេស ព្រមទាំង​យុទ្ធសាស្ត្រ​កម្មវិធី​នានា​របស់ MRC ។
​សិក្ខាកាម បាន​យល់​ដឹប​ន្ថែ​ម​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ (​កម្ពុជា ឡាវ ថៃ និង​វៀតណាម​) ដែល​បាន​អនុវត្តតាម​កិច្ចព្រមព្រៀង​មេគង្គ ឆ្នាំ​១៩៩៥ ដើម្បី​លើកកម្ពស់ " កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ការគ្រប់គ្រង និង​ការអភិរក្ស​ធនធានទឹក និង​ធនធាន​ដែល​ពាក់​ព័​ន្ឋ​ក្នុង​អាង​ទន្លេមេគង្គ " ព្រមទាំង​ទាំង​ពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​ពី​កិច្ចប្រឹងប្រែង ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង មេគង្គ​ឆ្នាំ​១៩៩៥ និង​បណ្តា​នីតិវិធី គោលការណ៍​ណែនាំ​បច្ចេកទេស យុទ្ធសាស្ត្រ​កម្មវិធី​នានា និង​ទិសដៅ​អនាគត​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ តាមរយៈ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​សម្រាប់​ឆ្នាំ ២០១៦-២០២០ ។​