នាថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ ២០១៥ កញ្ញា ប្រាក់ ចាន់វឌ្ឍនា ប្រធានការិយាល័យកសិកម្មចម្រុះ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការបញ្ជ្រាបយេនឌ័រក្នុងវិស័យគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅខេត្តកំពង់ចាម ក្រោមអធិបតីបភាពឯកឧត្តម អាន ពេជ្រហត្ថដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្ត្រីទទួលបន្ទុកការងារផ្នែកយេនឌ័រមកពីបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង CNMC សរុបចំនួន៣០ នាក់ ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១. បង្ហាញពីលទ្ធផលអនុវត្តសកម្មភាពការងារយេនឌ័រក្នុងកម្មវិធីកសាងសមត្ថភាពចម្រុះរបស់ CNMC ពីឆ្នាំ ២០១១-២០១៥
២. ផ្តល់វេទិការចែករំលែកចំណេះដឹង មេរៀន និងបទពិសោធន៍ដែលទទួលបានពីការងារអនុវត្តលើការបញ្ជ្រាបយេនឌ័រក្នុងវិធីសាស្ត្រគ្រប់គ្រងធនធានទឹកចម្រុះនៅតាមវិស័យអ្នកពាក់ព័ន្ធ
៣. ស្វែងយល់ និងប្រមូលយោបល់ពីអ្នកចូលរួមអំពីការងារបញ្ជ្រាបយេនឌ័រក្នុងស្ថាប័ននីមួយៗ ។
ដោយមានកិច្ចសហប្រតិបត្តិការពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សិក្ខាកាមទាំងអស់បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ទៅកាន់សហគមន៍អ្នកប្រើប្រាស់់ទឹកប្រព័ន្ធធារាសាស្ត្រអាងស្ទឹងជីនិត និងការប្រើប្រាស់ទឹកកសិកម្ម និងយន្តការងារពាក់ព័ន្ធនឹងការបញ្ជ្រាបយេនឌ័រក្នុងវិស័យគ្រប់គ្រងធនធានទឹកចម្រុះ IWRM។