នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៥នេះ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើការអនុវត្តនីតិវិធីនានារបស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលរៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប ) ក្រោមការដឹកនាំដោយលោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធ ការអនុវត្តនីតិវិធីនីមួយៗ មកពីក្រសួង-ស្ថាប័ន ជាសមាជិក និងមន្ត្រីលេខាធិការដ្ឋាន CNMC និង MRCS ចំនួន ២៥ រូប។ កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណង៖
(១) ស្វែងយល់លម្អិតអំពីគំនិត និងគោលបំណងនៃវេទិការួមរបស់គណៈកម្មការទន្លេមេគង្គ
(២) ពិភាក្សាលើមេរៀននិងបទពិសោធន៍នៃការអនុវត្តនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ
(៣) ស្វែងរកអនុសាសន៍ថ្នាក់ជាតិលើបញ្ហា ភាពប្រឈម និងដំណោះស្រាយសម្រាប់បន្តការអនុវត្តនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ ឲ្យកាន់តែប្រសើរឡើង។
លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ នាថ្ងៃនេះ នឹងយកទៅចូលរួមជាវិភាគទាន សម្រាប់ការពិភាក្សា ក្នុងវេទិកាពិភាក្សារួមថ្នាក់តំបន់របស់គណៈកម្មការទន្លេមេគង្គ ក្នុងខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ក្នុងរាជធានីភ្នំពេញ៕