សកម្មភាព​សិក្សា​ពី​ការប្រមូល​ផល និង​ចរន្ត​ទីផ្សារ​កសិផល នៃ​ដំណាំ​ស្រូវប្រាំង ក្នុង​តំបន់ 1 និង​តំបន់ 2 ក្នុង​ខេត្តកំពង់ធំ​

​ថ្ងៃទី 25 ដល់​ថ្ងៃទី 28 ខែ កុម្ភៈ ឆ្នាំ 2015 ឯកឧត្តម មាស អឿន  ទីប្រឹក្សា និង​មន្ត្រី​បច្ចេកទេស របស់​អាជ្ញាធរ​ទន្លេសាប ចុះ​សិក្សា​ពី​ការប្រមូល​ផល និង​ចរន្ត​ទីផ្សារ​កសិផល នៃ​ដំណាំ​ស្រូវប្រាំង សម្រាប់​ចងក្រង​ជា​ព័ត៌មាន​ផ្នែក​ដំណាំ​កសិកម្ម តំបន់​ជុំវិញ​បឹង​ទន្លេសាប ក្នុង​តំបន់ 1 និង​តំបន់ 2 នៃ​ខេត្តកំពង់ធំ ។ ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ គឺមាន​គោលបំណង​ដើម្បី​ឲ្យ​ដឹង​ពី​រដូវ​កាល​/​ពេលវេលា​ប្រមូល​ផល​ស្រូវ វិធីសាស្ត្រ​នៃ​ការប្រមូល​ផល បរិមាណ​ទិន្នផល​ស្រូវ និង​ការប្រែប្រួល​បរិមាណ​រវាង​ឆ្នាំ​កន្លងទៅ ការដឹកជញ្ជូន​ទិន្នផល​ស្រូវ តម្លៃ​ទីផ្សារ​ស្រូវ​
បរិមាណ​ទិន្នផល​ស្រូវ​ដែល​កសិករ​លក់ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ចរន្ត​ទីផ្សារ​ស្រូវ និង​អំពី​ឈ្មួញ​ទិញស្រូវ​ប្រាំង ។ ក្នុង​ដំណើរការ នេះ​ក្រុមការងារ​បាន​ជួប​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​/​ស្រុក មន្ទី​កសិកម្ម​ស្រុក​/​ខេត្ត និង​ធ្វើ​សម្ភាសន៍​ជាមួយ​ប្រជាកសិករ​ធ្វើ​ស្រូវប្រដេញទឹក (​ស្រូវប្រាំង​) ព្រមទាំង​ឈ្មួញ​ទិញស្រូវ​តាម​តំបន់​គោលដៅ​នីមួយៗ ដើម្បី​ដឹង​ពី​តម្លៃ និង​អំពី ចរន្ត​ទីផ្សារ​របស់​ស្រូវប្រាំង​ក្នុង​ខេត្តកំពង់ធំ ។​