ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប នាថ្ងៃទី ២៥-២៦ ខែធ្នូ ឆ្នាំ២០១៤នេះ ឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការអាជ្ញាធរទន្លេសាប និងលោក សរ គឹមសាន ប្រធាននាយកដ្ឋានផែនការរដ្ឋបាល និងសហប្រតិបត្តិការ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ MRC ឆ្នាំ២០១៦-២០២០ (MRC Strategic Plan 2016-2020) ក្រោមអធិបតីភាពឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃ CNMC និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម លឹម គាន ហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម និងមានការអញ្ជើញចូលរួមពីមន្ត្រីតំណាងក្រសួង-ស្ថាប័នជាសមាជិកចំនួន ៥០ រូប។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ទី១.ជម្រាបជូនអំពីដំណើរការវិវត្តភាពរីកចម្រើននៃការអនុវត្ត ផែនការយុទ្ធសាស្ត្រ២០១១-២០១៥ របស់គណៈកម្មការទន្លេមេគង្គ ទី២.ពិនិត្យ និងពិភាក្សាដំណើរការរៀបចំផែនការយុទ្ធសាស្ត្រ៥ឆ្នាំបន្ត (២០១៦-២០២០) ទី៣. ពិភាក្សាអំពីផលសម្រេច លទ្ធផល សកម្មភាព សូចនាករ និងថវិកាសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ និងទី៤. ជម្រាបជូន-ពិភាក្សាអំពីការពាក់ព័ន្ធដំណើរសកម្មភាព នៃវិមជ្ឈការមុខងារ ស្នូលនៃការគ្រប់គ្រងអាងទន្លេមេគង្គសម្រាប់ឆ្នាំ ២០១៦-២០២០។
ជាលទ្ធផល អង្គប្រជុំបានស្តាប់បទបង្ហាញនានាពាក់ព័ន្ធដំណើរអនុវត្តផែនការយុទ្ធសាស្ត្ររបស់គណៈកម្មការទន្លេមេគង្គ ជាពិសេសឆ្នាំ ២០១១-២០១៥ និងផលប្រយោជន៍ដែលប្រទេសជាសមាជិកសម្រេចបាន និងពិភាក្សាអំពីទម្រង់ផែនការយុទ្ធសាស្ត្រ២០១៦-២០២០ ក្នុងនោះលទ្ធផល និងបណ្តាសកម្មភាព និងថវិកា និងសូចនាករ ប្រព័ន្ធត្រួតពិនិត្យតាមដាន វាយតម្លៃ និងរៀបចំរបាយការណ៍ស្របតាមទស្សនៈរបស់វិស័យស្ថាប័នជាតិ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលការណ៍កិច្ច សហប្រតិបត្តិការតំបន់ និងឆ្លងដែន។