ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​មុខព្រួញ​ខេត្តបាត់ដំបង បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​ក្នុងការ​អនុវត្ត​ការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ក្បាលដី តាម​បណ្តា​

នា​ព្រឹក​ថ្ងៃ​សុក្រ ៨​រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​មុខព្រួញ​ខេត្តបាត់ដំបង រួមជាមួយ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ចូលរួម​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​ក្នុងការ​អនុវត្ត​ការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ក្បាលដី តាម​បណ្តា​ឃុំ ស្រុក​ពាក់ព័ន្ធ​នឹង​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ដឹកនាំ​ដោយ ឯកឧត្តម សូ ខន​ឬ​ទ្ធី​គុណ រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ខេត្តបាត់ដំបង​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​ដើម្បី​៖
- បញ្ជាក់​អំពី​គោលបំណង​នៃ​ការបង្កើត​ក្រុមការងារ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី​នៃ​ខេត្ត​ទាំង​៦ ជុំវិញ​តំបន់​បឹង​ទន្លេសាប 
- ពិភាក្សា​អំពី​ស្ថានភាព​ទូទៅ ការ​អាស្រ័យ​ផល របស់​ប្រជាជន​នៅក្នុង​តំបន់​២,​តំបន់​៣ និង​បញ្ហា​ប្រឈម​នានា​
- ណែនាំ​ពី​ទម្រង់​កម្រង​បញ្ជី​សំនួរ​សម្រាប់​កិច្ចសម្ភាសន៍​ជាមួយ​អាជ្ញាធរ​ភូមិ សហគមន៍ រៀបចំ​ផែនការ កំណត់ពេល​វេលា​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី​តំបន់​ទន្លេសាប ដើម្បី​បូកសរុប​បាយ​ការណ៍​ជូន​ថ្នាក់ដឹកនាំ​។​

​អង្គប្រជុំ​បានសម្រេច​ឯកភាពគ្នា​ដូចខាងក្រោម​៖
- រៀបចំ​បែងចែក​សមាស​ភាព​ក្រុមការងារ​ចុះ​អនុវត្ត ចំនួន​៤ ក្រុម​ទទួលខុសត្រូវ​តាម​ស្រុក​នីមួយៗ ដើម្បី​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី តាម​បណ្តា​ភូមិ ឃុំ ក្នុងស្រុក​ពាក់ព័ន្ធ​តំបន់​បឹង​ទន្លេសាប មានស្រុក​មោង​ឬ​ស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ និង​ស្រុក​ថ្មគោល ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​។​

​សូមបញ្ជាក់ថា​៖
​សេចក្តីសម្រេច​លេខ ០១៤ ដន​ស​.​សសរ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ ស្តីពី​ការបង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​បឹង​ទន្លេសាប គឺ​ដើម្បី​រៀបចំ​លក្ខខណ្ឌ​ការប្រើប្រាស់​ដី​សម្រាប់​ការអភិរក្ស ការអភិវឌ្ឍ​តំបន់​ទន្លេសាប (​តំបន់​២ និង​តំបន់​៣) ដោយ​ផ្អែកលើ​ទិន្នន័យ​ពី​ការប្រើប្រាស់​ដី​ជាក់ស្ដែង ក្នុងស្ថានភាព​បច្ចុប្បន្ន ដូចជាៈ លក្ខណៈ​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​មុខរបរ រូបភាព​ប្រើប្រាស់​ដី ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថានភាព​សកម្មភាព​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ស្ថិតក្នុង​តំបន់​ការពារ​បឹង​ទន្លេសាប នៃ​ដែន​តំបន់​គ្រប់គ្រង​របស់​អាជ្ញាធរ​ទន្លេសាប នៃ​ខេត្ត​ទាំង​៦​ជុំវិញ​តំបន់​បឹង​ទន្លេសាប រួមមាន​៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​៕