នាថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរមិរ៉ាខល (Angkor Miracle Resort & Spa) ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប រួមជាមួយ លោកស្រី Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលី និងលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំអាស៊ីប៉ាស៊ីហ្វិច នៃធនាគារពិភពលោក បានអញ្ជើញជាអធិបតីភាពបិទសិក្ខាសាលា ស្តីពីការចាប់ផ្តើមសិក្សា និងវិភាគសន្តិសុខទឹកក្នុងអាងទន្លេសាប ដោយមានកិច្ចសហការជាមួយ ធនាគារពិភពលោក (World Bank - WB), ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី (DFAT) និង Australian Water Partnership (AWP) ក្នុងការអនុវត្តកម្មវិធីវាយតម្លៃសន្តិសុខ និងភាពធន់នៃបឹងទន្លេសាបសម្រាប់ឆ្នាំ២០២៤-២០២៦ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
សូមជម្រាបជូនថា កិច្ចប្រជុំខាងលើ មានសមាសភាពចូលរួមពីសមាជិកសមាជិកាអាជ្ញាធរទន្លេសាប ក្រសួង ស្ថាប័នពាក់ព័ន្ធ ខេត្តពាក់ព័ន្ធជុំវិញបឹងទន្លេសាប ស្ថាប័នអប់រំ និងស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដោយផ្ដោតសំខាន់លើ ៖ (i). ការពង្រឹងការយល់ដឹងអំពីបញ្ហាសុវត្ថិភាពទឹកនៅក្នុងតំបន់បឹងទន្លេសាប និងដៃស្ទឹងរបស់វា (ii). គាំទ្រគោលនយោបាយដើម្បីកសាងនូវការឯកភាពគ្នាលើប្រព័ន្ធនៃការគ្រប់គ្រងតំបន់ទន្លេសាប (iii). កំណត់ផែនការអភិវឌ្ឍពហុដំណាក់កាល ផ្អែកលើភស្តុតាងសម្រាប់តំបន់ទន្លេសាប (iv). ការផ្លាស់ប្ដូរចំណេះដឹង ការបង្កើតកម្មវិធី និងការបង្កើនសមត្ថភាពភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ជូនថាកិច្ចប្រជុំនេះមានគោលបំណងសំខាន់ប្រមូលផ្ដុំភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដើម្បីកំណត់ និងឯកភាពគ្នាយ៉ាងច្បាស់លើគោលដៅគម្រោង វិសាលភាព ពេលវេលា តួនាទី ទំនួលខុសត្រូវ និងហានិភ័យដែលអាចកើតមានឡើងធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានការយល់ដឹងរួមគ្នាមុននឹងឈានទៅមុខជាមួយនឹងការអនុវត្តគម្រោងរួមគ្នា៕
ជារួមលទ្ធផល នៃកិច្ចប្រជុំនេះសម្រេចបាននូវការចែករំលែក និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈម ឱកាស និងផែនការសកម្មភាពដើម្បីធានាសន្និសុខទឹកនៅអាងទន្លេសាប។ ក្រោមប្រធានបទ “ការរួមគ្នាសម្រាប់សន្តិសុខទឹកនៅអាងទន្លេសាប” យើងបានលើកយកជាមូលដ្ឋានគ្រឹះចំនួន ៣យ៉ាងមកវិភាគ (១)បញ្ហាទឹក និងបរិស្ថានទឹក (២)សង្គម-សេដ្ឋកិច្ច (៣)គោលនយោបាយ និងបច្ចេកទេស ជាទស្សនៈសម្រាប់ការអភិរក្ស និងការអភិវឌ្ឍតំបន់បឹងទន្លេសាប ឈានទៅដល់ការឯកភាពគ្នាលើគោលបំណង វិសាលភាព ពេលវេលា តួនាទី និងទំនួលខុសត្រូវរបស់គម្រោង ការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធសំខាន់ៗរួមទាំងការកំណត់ទិន្នន័យ និងព័ត៌មានចាំបាច់ ដើម្បីធ្វើការវាយតម្លៃក៏ដូចជាការកសាង ការរួមបញ្ចូលគ្នាសម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប ដោយអនុលោមតាមផែនការចូលរួមរបស់គម្រោង ការពិគ្រោះយោបល់ជាបន្តបន្ទាប់ ការចែករំលែកផ្លាស់ប្តូរចំណេះដឹង និងត្រូវរៀបចំឡើងជាជំហានសំខាន់ៗ ក្រោមគម្រោងសម្រាប់កម្មវិធីសន្តិសុខទឹក និងភាពធន់នៃបឹងទន្លេសាប៕
ទន្ទឹងនឹងនេះដែរ ឯកឧត្តមអនុប្រធានក្តាប់រួម បានមានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលានេះ ទឹកនៅអាងទន្លេសាបគឺជាសម្បត្តិសម្រាប់មនុស្សជំនាន់នេះ និងអនាគត។ យើងនឹងធ្វើឱ្យអាងទន្លេសាបក្លាយជាគំរូនៃការគ្រប់គ្រងទឹកប្រកបដោយចីរភាព។ ការរួមចំណែករបស់យើងមិនត្រឹមតែជាកាតព្វកិច្ចប៉ុណ្តោះទេ គឺជាក្តីសង្ឃឹមសម្រាប់កូនជំនាន់ក្រោយ យើងនឹងមានទឹកគ្រប់គ្រាន់ និងមានសុវត្ថិភាព សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងជីវិតប្រកបដោយសុខដុម៕