ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​តំបន់​ទន្លេសាប ខេត្តសៀមរាប​

នៅ​ថ្ងៃ​អង្គារ ៥​រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ​អមដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប លោក​អភិបាលរង​ខេត្ត មន្ត្រី​រដ្ឋបាលខេត្ត តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ដែនដី​រដ្ឋបាល​ក្រុង​សៀម​រាម និង​សហគមន៍​មូលដ្ឋាន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម​កំពង់​ថ្កូវ ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ទស្សនកិច្ច​បារាយណ៍ទឹកថ្លា និង​បឹង​ទន្លេសាប ស្ថិតនៅ​តំបន់​ភូមិ​បណ្តែត​ទឹក​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប​។ ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជម្រាបជូន​ពី​សារៈសំខាន់​នៃ​ស្ថានីយ​ជលសា​ស្ត្រ និង​ឧតុនិយម សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ទទួល​-​បញ្ជូន​ទិន្នន័យ​ព័ត៌មាន ការតាមដាន គ្រប់គ្រង​ធនធានទឹក និង​អាកាសធាតុ គ្រប់គ្រង​គ្រោះមហន្តរាយ​ទឹកជំនន់​បាន​ត្រឹមត្រូវ​ទៀត​ទាត់ ក្នុងការ​ចែករំលែក ផ្សព្វផ្សាយ​ជូន​ដល់​មហាជន​។ ដោយឡែក ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ជូន​ប្រតិភូ​អំពី​បឹង​ទន្លេសាប ដែល​វា​ជា​បេះដូង​វប្បធម៌​ជាតិខ្មែរ និង​អត្ថប្រយោជន៍​បឹង​ទន្លេសាប​លើ​វិស័យ​ធនធានទឹក ទេសចរ​ណ៏​អេកូ​ធម្មជាតិ បរិស្ថាន ធនធាន​ជាតិ ក្នុងនោះ ត្រី ជា​ប្រភព​ប្រូតេអ៊ីន​ទ្រទ្រង់​សុខភាព​មនុស្ស និង​សេដ្ឋកិច្ចជាតិ​, ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ផ្តល់នូវ​មុខងារ​ជាច្រើន​លើ​ការការពារ​បឹង​ទន្លេសាប​ពី​ការ​គោក​រាក់ ការពារ​ទប់ស្កាត់​ភាព​កករ​ដីល្បាប់ ភាពកខ្វក់ ជាតិពុល ពី​តំបន់​អភិវឌ្ឍន៍​ផ្នែក​ខាងលើ​ហូរ​ចាក់​ចូល​បឹង​ទន្លេសាប ជះឥទ្ធិពល​អវិជ្ជមាន​ដល់​គុណភាព​ទឹក បរិស្ថាន សុខមាលភាព​បឹង​ទន្លេសាប​មិន​ស្អាត និង​បង្ក​គ្រោះថ្នាក់​ដល់​ការប្រើប្រាស់​របស់​មនុស្ស សត្វ និង​រុក្ខជាតិ​ព្រៃ​លិច​ទឹក ប្រព័ន្ធ​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​គណៈប្រតិភូ មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​សារសំខាន់​នៃ​ការប្រមូលផ្តុំ​ទិន្នន័យ ការគ្រប់គ្រង​ទិន្នន័យ ព័ត៌មាន​ជលសា​ស្ត្រ ឧតុនិយម ទំហំ​បរិមាណ​ទឹក​ហូរ​ចូល​បឹង​ទន្លេសាប និង​ហូរ​ចេញពី​បឹង​ទន្លេសាប​។ ឯកឧត្តម បាន​កោតស្ញប់ស្ញែង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​នូវ​មរតក​មហាសាល​មិនអាច​កាត់ថ្លៃ​បាន​នោះ គឺ​វប្បធម៌ ប្រពៃណី ប្រាសាទបុរាណ​អង្គរវត្ត អាងទឹក​បារាយណ៍ទឹកថ្លា និង​បឹង​ទន្លេសាប ដែលមាន​ព្រៃ​លិច​ទឹក​នៅ​ព័ទ្ធជុំវិញ​រស់នៅ​បាន​ក្នុង​រដូវវស្សា​ទឹក​លិច​រយៈ​យ៉ាងយូរ ។​

​សូមបញ្ជាក់​ជូន​ផងដែរ​ថា ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជា​មាន​និ​ត​ចិន បាន​គាំទ្រ​ជំរុញ​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​អាជ្ញាធរ​ទន្លេសាប និង​ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជា​មាន​និ​ត​ចិន តាមរយៈ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ស្ថាប័ន​ក្រោម​ក្រសួង​ធនធានទឹក (​ចិន​) ក្នុង​ការចូល​រួមការ​ការពារ​បឹង​ទន្លេសាប​ឱ្យបាន​គង់វង្ស និង​ចីរភាព​ដូចគ្នា​នឹង​ការអនុវត្ត​ការ​គ្រប់​បឹង Tiahu នៅ​ប្រទេស​ចិន​ជាដើម ព្រមទាំង​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​វិទ្យាស្ថាន​ស្រាវជ្រាវ​ជល​គតិ ណាន​ជី​ង (Nanjing Hydraulic Research Institute-NHRI) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ណាន​ជី​ង​ផ្នែក​ជលសា​ស្ត្រ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ការអភិរក្ស (Nanjing Research Institute Hydrology and Water Conservation Automation-NIHWA) បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ទន្លេសាប​សិក្សា​រួមគ្នា​លើ​តម្រូវការ​ផ្តល់នូវ​ឧបករណ៍​បំពាក់ និង​បច្ចេកទេស​បន្ថែម នៅ​តំបន់​អាង​បឹង​ទន្លេសាប​(​ស្ទឹង​សំខាន់ៗ​ទាំង​១១) និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ក្នុងការ​ថែទាំ ជួសជុល គ្រប់គ្រង​ទិន្នន័យ ព័ត៌មាន​ពី​ជលសា​ស្ត្រ សិក្សា​ពី​វដ្ត​នៃ​ព្រៃ​លិច​ទឹក និង​ដកស្រង់​បទពិសោធន៍​ពី​ការដាំ​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប ទៅ​ដាំ​នៅ​បឹង Tiahu ប្រទេស​ចិន​៕