នាថ្ងៃអង្ការ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប (Angkor Miracle Resort & Spa) ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប រួមជាមួយ លោកស្រី Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលី និងលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំអាស៊ីប៉ាស៊ីហ្វិច នៃធនាគារពិភពលោក បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា ស្តីពីការចាប់ផ្តើមសិក្សា និងវិភាគសន្តិសុខទឹកក្នុងអាងទន្លេសាប ដោយមានកិច្ចសហការជាមួយ ធនាគារពិភពលោក (World Bank - WB), ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី (DFAT) និង Australian Water Partnership (AWP) ក្នុងការអនុវត្តកម្មវិធីវាយតម្លៃសន្តិសុខ និងភាពធន់នៃនឹងទន្លេសាប សម្រាប់ឆ្នាំ ២០២៤-២០២៦។
សូមជម្រាបជូនថា កិច្ចប្រជុំខាងលើ មានសមាសភាពចូលរួមពីសមាជិកសមាជិកាអាជ្ញាធរទន្លេសាប ក្រសួង ស្ថាប័នពាក់ព័ន្ធ ខេត្តពាក់ព័ន្ធជុំវិញបឹងទន្លេសាប ស្ថាប័នអប់រំ និងស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដោយផ្ដោតសំខាន់លើ ៖ (i). ការពង្រឹងការយល់ដឹងអំពីបញ្ហាសុវត្ថិភាពទឹកនៅក្នុងតំបន់បឹងទន្លេសាប និងដៃស្ទឹងរបស់វា (ii). គាំទ្រគោលនយោបាយដើម្បីកសាងនូវការឯកភាពគ្នាលើប្រព័ន្ធនៃការគ្រប់គ្រងតំបន់ទន្លេសាប (iii). កំណត់ផែនការអភិវឌ្ឍពហុដំណាក់កាល ផ្អែកលើភស្តុតាងសម្រាប់តំបន់ទន្លេសាប (iv). ការផ្លាស់ប្ដូរចំណេះដឹង ការបង្កើតកម្មវិធី និងការបង្កើនសមត្ថភាពភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ជូនថាកិច្ចប្រជុំនេះមានគោលបំណងសំខាន់ប្រមូលផ្ដុំភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដើម្បីកំណត់ និងឯកភាពគ្នាយ៉ាងច្បាស់លើគោលដៅគម្រោង វិសាលភាព ពេលវេលា តួនាទី ទំនួលខុសត្រូវ និងហានិភ័យដែលអាចកើតមានឡើងធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានការយល់ដឹងរួមគ្នាមុននឹងឈានទៅមុខជាមួយនឹងការអនុវត្តគម្រោងរួមគ្នា៕