ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២៥ នៅ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បានទទួល​ជួប​សម្តែង ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ​អមដំណើរ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ឯកឧត្តម​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និង​មន្ត្រី​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​។​

​ឆ្លៀត​ក្នុងឱកាស​ជំនួប​ពិភាក្សា​នេះដែរ ឯកឧត្តម ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ​អមដំណើរ ដែល​បាន​អញ្ជើញ​មក​ស្វែងយល់​ផ្ទា​ល់ពី​ស្ថាប័ន​អាជ្ញាធរ​ទន្លេសាប ព្រមទាំង​បាន​ជម្រាបជូន​គណ​:​ប្រតិភូ​អំពី​បឹង​ទន្លេសាប ដែលជា​បឹង​ទឹកសាប​ធំ​ជាង​នៅ​អាស៊ីអាគ្នេយ៍ ផ្តល់នូវ​សក្តានុពល​ដ៏​មាន​សារៈប្រយោជន៍​យ៉ាងច្រើន​ដល់​ការរស់នៅ​របស់​មនុស្ស សត្វ រុក្ខជាតិ ដូចជា មច្ឆជាតិ  ជីវចម្រុះ​គ្រប់​ប្រភេទ ព្រៃ​លិច​ទឹក និង​ជា​អាងទឹក​ឆ្លាត​វៃ​ក្នុង​ការផ្តល់​ទឹក​ស្រោចស្រព កាត់បន្ថយ​គ្រោះទឹកជំនន់​ពី​ទន្លេមេគង្គ​។ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់​ក្នុងការ​ការពារ​បឹង​ទន្លេសាប​ឱ្យបាន​គង់វង្ស​យូរអង្វែង បន្ទាប់ពី​បឹង​ទន្លេសាប បាននិងកំពុង​ទទួល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​កត្តា​មនុស្ស និង​កត្តា​បម្រែបម្រួល​អាកាសធាតុ បង្ក​ដល់​ការបាត់បង់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​បឹង​ទន្លេសាប​។ 

​ទន្ទឹមនឹងនេះ ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប ក៏បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​តម្រូវការ​ចាំបាច់​របស់​អាជ្ញាធរ​ទន្លេសាប គឺ​បន្ត​ផ្តល់នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​ក្នង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យូរអង្វែង​រវាង​អាជ្ញាធរ​ទន្លេសាប និង​ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លើ​ជំនួយ​បច្ចេកទេស និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដើម្បី​ទទួលបាន​នូវ​សមត្ថភាព​គ្រប់គ្រាន់​លើ​ការជួសជុល​ថែទាំ​ឧបករណ៍ បច្ចេកទេស ការតាមដាន ត្រួតពិនិត្យ គ្រប់គ្រង​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត ការគ្រប់គ្រង​ធនធានទឹក គុណភាព​ទឹក និង​ការគ្រប់គ្រង​បឹង​ទន្លេសាប​ឱ្យមាន​និរន្តរភាព ធានាបាន​នូវ​បរិស្ថាន​ធនធានធម្មជាតិ ជីវចម្រុះ ប្រព័ន្ធ​អេកូ​ស៊ី​បឹង​ទន្លេសាប​ល្អប្រសើរ និង​ចែករំលែក​បទពិសោធន៍ តាមរយ​:​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នាពេលខាងមុខ​។​

​សូម​ជូន​ជម្រាប​ថា ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​បន្ត​ពិនិត្យ​ស្ថានីយ​មេ (Master Station) សម្រាប់​ទទួល​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ និង​ឧតុនិយម​ពី​ស្ថានីយ​នីមួយៗ និង​បន្ត​ស្វែងយល់​អំពី​សារៈសំខាន់​នៃ​បឹង​ទន្លេសាប  ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​បឹង​ទន្លេសាប​នៅ​តំបន់​ចុង​ឃ្នៀ​ស និង​ស្ថានីយ​ជលសា​ស្ដ្រ និង​ឧតុនិយម (QR. V-ADCP) ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដែលជា​ស្ថានីយ​ទទួល​ជំនួយ​បច្ចេកទេស​សហការ​ប្រតិបត្តិ​ការសិក្សា​រួម លើ​គម្រោង​សិក្សា​សាកល្បង​គំរូ​បច្ចេកវិទ្យា​សង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​សម្រាប់​អាង​ទន្លេសាប​ប្រទេស​កម្ពុជា​លើ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចំនួន ១១​ស្ថានីយ ដែល​បានចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០២២  ក្រោម​ជំនួយ​បច្ចេកទេស របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ណាន​ជី​ង​ផ្នែក​ជលសា​ស្ត្រ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ការអភិរក្ស (Nanjing Research Institute Hydrology and Water Conservation Automation- NIHWA)៕