ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប ជួបប្រជុំ​ចុះ​អនុស្សរណៈ​យោគយល់ និង​ពិភាក្សា​ការងារ​ជាមួយ​មជ្ឍមណ្ឌល​ធនធាន​ទឹក​មេគង្គ​-​ឡាង​ឆាង

នា​រសៀល​ថ្ងៃ​សៅរ៍ ២​រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៥ ឯកឧត្ដម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប រួមជាមួយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មេគង្គ​-​ឡាន​ឆាង ដែល​ដឹកនាំ​ដោយ​ឯកឧត្តម Dr. Zhou Zhiwei អគ្គលេខាធិការ មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​ឡាន​ឆាង​-​មេគង្គ (Lancang-Mekong Water Resources Cooperation Center-LMC)​។ 

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ធំ​ចំនួន​ពីរ គឺ (១) ដើម្បី​ចុះ​អនុស្សរណៈ​យោគយល់ (MOU) រវាង​អាជ្ញាធរ​ទន្លេសាប និង​មជ្ឍមណ្ឌល​ធនធានទឹក​មេគង្គ​-​ឡាង​ឆាង និង​(២) ដើម្បី​រៀបចំ​គម្រោង​ដើម្បី​អនុវត្ត​រួមគ្នា​នៅ​អាង​ទន្លេសាប​តាមរយៈ​ថវិកា​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។ 

​ក្នុងឱកាស​ជំនួប​នេះដែរ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បាន​ជម្រាបជូន​គណៈប្រតិភូ អំពី​តួនាទី ភារកិច្ច បេសកកម្ម​ស្នូល និង​សមិទ្ធផល​ស្នាដៃ​ដែល​អាជ្ញាធរ​ទន្លេសាប​សម្រេច​បាន ដោយ​ផ្សារភ្ជាប់​នឹង​បញ្ហា​ប្រឈម និង​វិធានការ​ទប់ស្កាត់​ផលប៉ះពាល់​មកលើ​បឹង​ទន្លេសាប​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត រួមជាមួយ​ការលើកឡើង​ភាព​ទំនាក់ទំនង​រវាង​បឹង​ទន្លេសាប ជាមួយ​ទន្លេមេគង្គ​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ ប្រតិភូ​មជ្ឍមណ្ឌល​ធន​ធាន​ទឹក​មេគង្គ​ឡាង​ឆាង​ក៏បាន​ណែនាំ​អំពី​គោលបំណង​នៃ​ការចូលរួម​ក្នុង​កិច្ចប្រជុំ​រៀបរាប់​អំពី​សាវតា​នៃ​ការចង់​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ទន្លេសាប និង​ក៏បាន​ប្រៀបធៀប​ភាពស្រដៀងគ្នា​នៃ​បឹង​មួយចំនួន​នៅ​ប្រទេស​ចិន​ដូចជា​បឹង​តុង​គីង បឹង​ពូ​យ៉ាង ជាមួយនឹង​បឹង​ទន្លេសាប​ផងដែរ​។ 

​ទន្ទឹង​នឹង​នេះដែរ ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​ច្បាស់លាស់​ពី​ការពង្រឹង ភាពជា​ដៃគូរ​សហប្រតិបត្តិការ យូរអង្វែង​រវាង​អាជ្ញាធរ​ទន្លេសាប និង​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រ​ប្រតិបត្តិការ​ធនធានទឹក​ឡាន​ឆាង​-​មេគង្គ ចាប់តាំងពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​របស់​អាជ្ញាធ​រ​ទន្លេសាប បានទទួល​ការអនុញ្ញាត​ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ Taihu ស្តីពី​ការគ្រប់គ្រង​ទឹក​បឹង Gushi នៅ​ទីក្រុង Wuxi នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងមក​។​

​សូម​ជម្រាបជូន​ថា ក្នុង​ពិធី​ជំនួប​ពិភាក្សា​ការងារ​នេះដែរ ភាគី​ទាំងពីរ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) រវាង​អាជ្ញាធរ​ទន្លេសាប ដោយ​ឯកឧត្តម សរ គឹម​សាន អគ្គលេខាធិការ និង​ឯកឧត្តម Zhou Zhiwei អគ្គលេខាធិការ មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​មេគង្គ​-​ឡាន​ឆាង (Lancang-Mekong Water Resources Cooperation Center-LMC) ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ទិន្នន័យ ព័ត៌មាន ការតាមដាន ការវាយតម្លៃ និង​ស្រាវជ្រាវ​រួមគ្នា ការគ្រប់គ្រង​ចំណេះដឹង ទស្សនកិច្ច​សិក្សា និង​ការកសាង​សមត្ថភាព​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ និង​គ្រប់គ្រង​ធនធានទឹក ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​បឹង​ទន្លេសាប និង​ដើម្បី​រៀបចំ គម្រោង​ស្នើសុំ​ថវិកា​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុងការ​អនុវត្ត​រួមគ្នា​នៅ​អាង​ទន្លេសាប​៕