ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប នៅថ្ងៃសុក្រ ៩ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងារមន្ត្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយម រដ្ឋបាលស្រុកក្រគរ ចុះអធិការកិច្ចបង្គោលព្រំតំបន់៣ និងពិនិត្យការបន្តអាស្រ័យផលលើដីតំបន់២ និងតំបន់៣ នៃដែនព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការងារបានពាំនាំជម្រាបជូនពីគោលនយោបាយ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ ថែរក្សាដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ព្រមទាំងបានណែនាំដល់អាជ្ញាធរដែនដីចូលរួមទប់ស្កាត់ការបន្តចូលអាស្រ័យផលដីតំបន់៣ ការរុករានទន្ទ្រានព្រៃលិចទឹក និងពង្រឹងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត មានដូចជាអនុក្រឹត្យលេខ ១៩៧ អនក្រ.បក និងអនុក្រឹត្យលេខ ៨៣ អនក្រ.បក។
សូមបញ្ជាក់ជូនថា ការចុះអធិការកិច្ច និងពិនិត្យការធ្វើស្រែប្រាំងក្នុងតំបន់២ និងតំបន់៣ ដល់ទីតាំងផ្ទាល់នេះដែរ មានការអញ្ជើញចូលរួមពីតំណាងមន្ទីរធនធានទឹក និងឧតុនិយម លោកអភិបាលស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក តំណាង សង្កាត់រដ្ឋបាលជលផល ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ការិយាល័យដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីកងកម្លាំងទាំង៣ អង្គភាព លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិពាក់ព័ន្ធ និងតំណាងសហគមន៍នេសាទ៕