ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ក្រុមការងារ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ចុះ​ធ្វើ​អធិការកិច្ច​បង្គោលព្រំ​តំបន់​៣ ដែន​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​

​នៅ​ថ្ងៃ​សុក្រ ៩ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប បន្ត​ដឹកនាំ​ក្រុមការងារ​មន្ត្រី​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​រដ្ឋបាល​ខេត្តពោធិ៍សាត់ មន្ទីរ​ធនធានទឹក និង​ឧតុនិយម រដ្ឋបាល​ស្រុក​បាកាន ចុះ​អធិការកិច្ច​បង្គោលព្រំ​តំបន់​៣ និង​ពិនិត្យ​ការបន្ត​អាស្រ័យ​ផល​លើដី​តំបន់​២ និង​តំបន់​៣ នៃ​ដែន​ព្រៃ​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ 

​ក្នុងឱកាស​នេះដែរ ឯកឧត្តម​ប្រធាន​ក្រុមការងារ​បាន​ពាំនាំ​ជម្រាបជូន​ពី​គោលនយោបាយ អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ការពារ ថែរក្សា​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​៣ ព្រមទាំង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី​ចូលរួម​ទប់ស្កាត់​ការបន្ត​ចូល​អាស្រ័យ​ផល​ដី​តំបន់​៣ ការ​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក និង​ពង្រឹង​ការអនុវត្ត​ច្បាប់ បទដ្ឋាន​គតិយុត្ត មានដូចជា​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក និង​អនុក្រឹត្យ​លេខ ៨៣ អនក្រ​.​បក​។​

​សូមបញ្ជាក់​ជូន​ថា ការចុះ​អធិការកិច្ច និង​ពិនិត្យ​ការធ្វើ​ស្រែប្រាំង​ក្នុង​តំបន់​២ និង​តំបន់​៣ ដល់ទី​តាំង​ផ្ទាល់​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម លោក​អភិបាលស្រុក អភិបាលរង​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក តំណាង សង្កាត់រដ្ឋបាល​ជលផល ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន ការិយាល័យ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​កងកម្លាំង​ទាំង​៣ អង្គភាព លោក​មេឃុំ ក្រុមប្រឹក្សាឃុំ លោក​មេភូមិ​ពាក់ព័ន្ធ និង​តំណាង​សហគមន៍​នេសាទ​៕