នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ លើករណីមិនប្រក្រតីសកម្មភាពអនាធិបតេយ្យក្នុងតំបន់២ និងតំបន់៣ តំបន់អភិរក្សជីវចម្រុះបឹងពារាំង និងតំបន់ជុំវិញរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជ្រាវ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
សូមជម្រាបជូនថា យោងលិខិតលេខ២០៥ ស.ជ.ណ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាផ្តល់យោបល់រកដំណោះស្រាយ និងចាត់វិធានការតាមនីតិវីធីរួមមាន៖ ១-លើកយោបល់ផ្តួចផ្តើមគំនិតចុះសិក្សាស្រាវជ្រាវបន្ថែម ដើម្បីមានឯកសារគតិយុត្ត និងភស្តុតាងគ្រប់គ្រាន់សម្រាប់ជាមូលដ្ឋានផ្តល់ជូនអង្គភាពប្រឆាំងអំពើពុករលួយចាត់ការតាមនីតិវិធីច្បាប់ ២-ពិភាក្សាលើកយោបល់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសមាគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង និងបុគ្គលដែលបានប្រព្រឹត្តល្មើស ៣- ពិភាក្សាអំពីការរៀបចំយន្តការការងារ ក្នុងការកសាងយុទ្ធសាស្ត្រដំណើរការសហគមន៍ទេសចរណ៍នេះឱ្យមានប្រសិទ្ធភាព ដើម្បីជាគំរូដល់សហគមន៍ដទៃទៀត ក្នុងការពង្រឹងនិរន្តរភាពដំណើរការរបស់សហគមន៍ ចូលរួមលើកកម្ពស់វិស័យទេសចរណ៍អេកូឡូស៊ីការពារធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹក ៤- កំណត់ពេលវេលាក្នុងការធ្វើការងារជាមួយក្រុមការងារថ្នាក់ខេត្ត ដូចមានចែងក្នុងលិខិតលេខ២០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងចុះទៅទីតាំងផ្ទាល់នៅសហគមន៍បឹងពារាំង ។
សូមបញ្ជាក់ជូនថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សា អង្គប្រជុំបានឯកភាពយល់ព្រមលើការយកសំណើមតិយោបល់នាពេលនេះ ទៅពិភាក្សាជាមួយក្រុមការងារចម្រុះថ្នាក់ខេត្ត និងសហគមន៍នេសាទចុងឃ្នាស និងសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង ដើម្បីសិក្សាស្វែងយល់បន្តទៀត លើយន្តការរបស់ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន និងដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច៕