ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​ស្តីពី​នីតិវិធី​អនុវត្តន៍​ការងារ​ក្នុង​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ៥​រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កុ​ម្ភ្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង ស្តីពី​នីតិវិធី​អនុវត្តន៍​ការងារ​ក្នុង​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប  នៅ​សាលប្រជុំ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម​។ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការរង លោក​ទីប្រឹក្សា លោក​ប្រធាន​-​អនុប្រធាននាយកដ្ឋាន លោក​ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រីក្រោមឱវាទ​របស់​នា​យក​ដ្ឋា​ន​ទាំង​៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន នៃ​អាជ្ញាធរ​ទន្លេសាប​។​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ មាន​គោលបំណង ដើម្បី​ពិនិត្យ និង​ពិភាក្សា​ផ្តល់យោបល់​ណែនាំ​បន្ថែម​ទៅលើ​បទបញ្ជាផ្ទៃក្នុង ដើម្បី​ពង្រឹង​ក្នុង​ពី​នីតិ​ពិធី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព អភិបាលកិច្ច​ល្អ និង​លើកកម្ពស់​វិន័យ ក្រមសីលធម៌ សាមគ្គីភាព​ផ្ទៃក្នុង សណ្តាប់ធ្នាប់​របៀបរៀបរយ រក្សា​ឱ្យបាន​នូវ​សេចក្តីថ្លៃថ្នូរ ព្រមទាំង​កំណត់ អំពី​សិទ្ធិ កាតព្វកិច្ច ដើម្បី​ភាព​សុខដុម​នីយកម្ម ប្រសិទ្ធភាព​ការងារ និង​និរន្តរភាព​ការងារ​របស់​អាជ្ញាធរ​ទន្លេសាប​។ 

​សូមបញ្ជាក់ថា សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង ស្តីពី​នីតិវិធី​អនុវត្តន៍​ការងារ​ក្នុង​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ចែកជា ៧​ចំណុច ផ្តោត​សំខាន់​លើ​:
១. នីតិវិធី​អនុវត្ត​ការងារ​
២. កាតព្វកិច្ច​មន្ត្រីរាជកា​រ​
៣. វិន័យ និង​សិទ្ធិ​មន្ត្រីរាជការ​
៤. ការចូលរួម​ថែរក្សារ​ទ្រព្យសម្បត្តិ សន្សំសំចៃ និង​អនាម័យ​
៥. ការហាមឃាត់ និង​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​
៦. ផលប្រយោជន៍ 
៧. វិន័យ​ទណ្ឌកម្ម​មន្ត្រីរាជកា​រ​៕