ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​ទិសដៅ​អនុវត្ត​បន្ត របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​

​នា​ព្រឹក​ថ្ងៃ​ពុធ ៣​រោច ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​ធិបតី​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៥ របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង លោក​ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រី នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ​។​

​កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង​ដើម្បី​៖
- បូកសរុប​ពី​លទ្ធផល​ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២៤ បញ្ហា​ប្រឈម និង​ដំណោះស្រាយ​
- ពិភាក្សា​លើក​ផែន​សកម្មភាព​ការងារ ឆ្នាំ​២០២៥
- បង្កើន​ប្រសិទ្ធភាព​ការងារ សាមគ្គីភាព និង​សុខដុម​នីយកម្ម​ការងា​រ​ក្នុង​នាយកដ្ឋាន​។​

​ក្នុងឱកាស​នេះ ឯកឧត្ដម អគ្គលេខាធិការ និង​ឯកឧត្តម អគ្គលេខាធិការរង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​គ្រប់​ថ្នាក់ របស់​នាយកដ្ឋាន​ក្នុងការ​សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើរ ទាំង​លើ​ការអនុវត្តន៍​តួនាទី ភារកិច្ច​ស្នូល ការអនុវត្ត​ផែនការ​សកម្មភាព ការអនុវត្ត​ការងារ​ចំពោះ​ថ្នាក់ដឹកនាំ​ប្រគល់ជូន ការគ្រប់គ្រង ចាត់ចែង ព្រមទាំង​សាមគ្គីភាព​ផ្ទៃក្នុង​របស់​នាយកដ្ឋាន​៕