វគ្គ​បណ្តុះបណ្តាល​ស្តីពី ការ​បន្សាំ​ទៅនឹង​ប្រព័ន្ធ​អេកូឡូស៊ី “ Ecosystem-Based Adaptation “ ប្រទេស​ថៃ​

​កាលពី​ថ្ងៃ​អង្គារ ៥​កើត ដល់​ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៥ ដល់ ថ្ងៃទី​៧ ខែ វិច្ឆិកា ឆ្នាំ​២០២៤ លោក ម៉ម សុធា ប្រធានការិយាល័យ​ជីវចម្រុះ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការ​បន្សាំ​ទៅនឹង​ប្រព័ន្ធ​អេកូឡូស៊ី “ Ecosystem-Based Adaptation “ នៅ​សណ្ឋាគារ Radisson Blu Plaza ក្នុង​ទីក្រុង​បាំង​កក ប្រទេស​ថៃ​។ 

​វគ្គ​បណ្តុះបណ្តាល​នេះ​បានរៀបចំ​ឡើង​ដោយ អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការអភិរក្ស​ធម្មជាតិ “ International Union for Conservation of Nature “ (IUCN) ក្រោម​កិច្ចសហការ​ណ៍ និង​សម្របសម្រួល​ដោយ​អង្គការ IUCN ប្រចាំ​ប្រទេស​ថៃ​។ ក្នុងនោះ​មានការ​ចូលរួម​ពី​ខាង​មន្ត្រី​រដ្ឋាភិបាល​តាម​បណ្តាល​ប្រទេស​ជា​សមាជិក​រួមមាន​: ប្រទេស​កម្ពុជា​( អាជ្ញាធរ​ទន្លេសាប គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ក្រសួងបរិស្ថាន រដ្ឋបាល​ជលផល និង​ប្រធាន​អង្គការ IUCN ប្រចាំ​នៅ​កម្ពុជា ) ចិន ថៃ វៀតណាម និង​ឡាវ សរុប​រួម​ចំនួន ៣៦​នាក់ ។ 

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​គឺ ពង្រឹង​ការយល់ដឹង និង​សកម្មភាព​របស់​រដ្ឋាភិបាល ជាមួយ​សហគមន៍​នៅក្នុង​អនុតំបន់​មេគង្គ​(GMS) ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ការ​បម្រែបម្រួល​អាកាសធាតុ ដោយ​ប្រើ​វិធីសាស្ត្រ​ការ​បន្សាំ​ទៅនឹង​ប្រព័ន្ធ​អេកូឡូស៊ី (EBA)៕