នាថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការសិក្សារួមគ្នាលើបម្រែបម្រួលជលសាស្ត្រក្នុងអាងទន្លេមេគង្គ-ឡានឆាង និងផែនការយុទ្ធសាស្ត្របន្ស៉ាំ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ។
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនេះ រៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានសមាសភាពចូលរួមពី ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប គណៈកម្មការទន្លេមេគង្គ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សរុបចំនួន ១៧ នាក់ (ស្រី ១នាក់) ។
គោលបំណង នៃកិច្ចប្រជុំរួមមាន៖
- ដើម្បីពិភាក្សាអំពីលទ្ធផលបឋម និងសេចក្តីព្រាងរបាយការណ៍ដំបូងនៃការសិក្សារួមលើទិន្នន័យ និងវិធីសាស្ត្រម៉ូដែលក្នុងដំណាក់កាលទី ២ ឆ្នាំ២០២៤
- បទបង្ហាញ និងពិភាក្សាអំពីលទ្ធផលគំរូមូលដ្ឋាន សេណារីយ៉ូការប្រែប្រួលអាកាសធាតុ និងសេណារីយ៉ូហេដ្ឋារចនាសម្ព័ន្ធទឹក រួមជាមួយនឹងវិធានការបន្ស៊ាំសក្តានុពលដែលបានជ្រើសរើសសម្រាប់ការពិភាក្សា និងវិធីសាស្ត្រគំរូ
- បង្ហាញលទ្ធផលសិក្សាបឋមពីម៉ូដែលនៃរបបជលសាស្ត្រក្នុងអាងទន្លេមេគង្គលើសម្រាប់ការព្យាករណ៍ជលសាស្ត្រក្នុងរយៈពេលខ្លី មធ្យម និងវែង (១០ឆ្នាំ ៣០ឆ្នាំ និង៦៩ឆ្នាំ ឬ១០០ឆ្នាំ)៕