ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ភាគី​ចិន តាមរយៈ​ប្រព័ន្ធ Zoom Meeting ស្តីអំពី ”​គម្រោង​ប្រព័ន្ធ​ត្រួតពិនិត្យ​របាយ​ទឹកភ្លៀង និង​ប្រព័ន្ធ​ការជូនដំណឹង​ជាមុន ពី​គ្រោះមហន្តរាយ​អាកាសធាតុ ក្នុង​តំបន់​អាង​ទន្លេសាប​

​នា​ថ្ងៃ​ចន្ទ ៣​កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម  និង​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ជួបប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ចិន​មកពី​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក Lancang-Mekong (LMC Water Center) និង​ក្រុមហ៊ុន SUN Create តាមរយៈ​ប្រព័ន្ធ Zoom Meeting ស្តីអំពី “​គម្រោង​ប្រព័ន្ធ​ត្រួតពិនិត្យ​របាយ​ទឹកភ្លៀង និង​ប្រព័ន្ធ​ការជូនដំណឹង​ជាមុន ពី​គ្រោះមហន្តរាយ​អាកាសធាតុ ក្នុង​តំបន់​អាង​ទន្លេសាប​” ហើយ​ថវិកា​គាំទ្រ​ទទួលបាន​ពី​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ។ 

​គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​មាន ៖ 
១. ពិភាក្សា​លើ​ការរៀបចំ​សេចក្តី​ពង្រាង​គម្រោង​មេគង្គ​-​ឡាន​ឆាង ឆ្នាំ​២០២៤-២០២៥                                                      ២. ប្រមូល​មតិយោបល់​កែលម្អ ជា​ធាតុ​ចូលក្នុង​ការធ្វើអោយ​ប្រសើរឡើង និង​បញ្ចប់សេចក្តី​ពង្រាង​គម្រោង 
៣.បាន​ពិភាក្សា​ការរៀបចំ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក Lancang-Mekong (LMC Water Center) និង​អាជ្ញាធរ​ទន្លេសាប (TSA)                                                                                                ៤. រៀបចំ​សកម្មភាព និង​ផែនទី​បង្ហាញផ្លូវ​គម្រោង​។ 

​តាមរយៈ​កិច្ចប្រជុំ​ពិភាក្សា​នេះ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បានលើកឡើង​ពី​សមិទ្ធិផល​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មកដល់​ភាគី​ចិន និង​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​បច្ចេកទេស​ពី​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក ជាពិសេស​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង បានផ្តល់​ការជួយ​គាំទ្រ​សម្ភារៈ និង​បច្ចេកទេស​សម្រាប់​ការអនុវត្ត​គម្រោង​កន្លង​មកដល់​អាជ្ញាធរ​ទន្លេសាប  ជាពិសេស​ការអនុវត្ត​គម្រោង​សាកល្បង​នៃ​ការអង្កេត និង​បញ្ជូន​ទិន្នន័យ​ជលសា​ស្ត្រ​នៅ​កម្ពុជា​ដែល​បានបញ្ចប់​នាពេល​ថ្មីៗ​នេះ​។ 

​ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធិផល​ការអនុវត្ត​គម្រោង​កន្លងមក និង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ការរៀបចំ​គម្រោង​អនុវត្ត​សម្រាប់ ប្រព័ន្ធ​ត្រួតពិនិត្យ​របាយ​ទឹកភ្លៀង និង​ប្រព័ន្ធ​ការជូនដំណឹង​ជាមុន ពី​គ្រោះមហន្តរាយ​អាកាសធាតុ ក្នុង​តំបន់​អាង​ទន្លេសាប​។ ដែល​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ពិតជា​បាន​ឆ្លើយតប​តម្រូវការ​ទិន្នន័យ​ព័ត៌មាន ភាពចាំបាច់​ជាក់ស្តែង​ពី​ការកើនឡើង​នៃ​បម្រែបម្រួល​អាកាសធាតុ ក្នុង​កិច្ច​គាំទ្រ​ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ជូនដំណឹង​ជាមុន ពី​គ្រោះមហន្តរាយ​អាកាសធាតុ​ក្នុង​តំបន់​អាង​ទន្លេសាប ស្រប​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨​។  

​លោក Dong Yanfei អគ្គលេខាធិការរង នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក Lancang-Mekong ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​បច្ចេកទេស​នៃ​អាជ្ញាធរ​ទន្លេសាប បានផ្តល់​កិច្ចសហការ​ខ្ពស់ និង​ចួ​ល​រួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​គម្រោង​កន្លងមក ជាពិសេស​ការរៀបចំ​សេចក្តី​ព្រាង​គម្រោង​ថ្មី​នេះ​ផងដែរ​។ បន្ថែម​លើ​នេះ​លោក Dong Yanfei ក៏បាន​បង្ហាញ​ពី​ការរៀបចំ​សេចក្តីព្រាង​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក Lancang-Mekong (LMC Water Center) និង​អាជ្ញាធរ​ទន្លេសាប (TSA) ដែល​គ្រោង និង​រៀបចំ​ចុះហត្ថលេខា អំឡុងពេល​គណៈប្រតិភូ​ចិន​មក​បំពេញ​ទស្សនៈកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា នា​ខែកញ្ញា ឆ្នាំ​២០២៤ ខាងមុខនេះ​។​

​ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម ក៏បាន​ស្នើ​សុំអោយ​ក្រុមការងារ​រៀបចំសេចក្តី​ព្រាង​គម្រោង ពិនិត្យ​លទ្ធភាព​ជាមួយ​ការគិតគូរ​អោយបាន​ច្បាស់លាស់​លើ​ផែនការ​សកម្មភាព​នៃ​ការបណ្តុះបណ្តាល និង​ការជួសជុល​ថែរក្សា​ឧបករណ៍​ក្រោយ​គម្រោង​បានបញ្ចប់ រៀបចំ​បញ្ចូល​ទៅក្នុង​ផែនការ​សកម្មភាព​គម្រោង និង​នៅក្នុង​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក Lancang-Mekong (LMC Water Center) និង​អាជ្ញាធរ​ទន្លេសាប (TSA)៕