នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារមន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្រាវជ្រាវលើ សក្តានុពលទេសចរណ៍ និងខ្សែសង្វាក់សេវាកម្មទេសចរណ៍ធម្មជាតិក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ការចុះសិក្សារបស់ក្រុមការងារមានដូចខាងក្រោម៖
- ជួបជាមួយនឹងតំណាងអ្នកសម្របសម្រួលទេសចរណ៍នៅក្នុងឃុំកំពង់ភ្លុក ពិភាក្សា និងស្វែងយល់ពីស្ថានភាពទូទៅនៃទេសចរណ៍ដែលមាននៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមបញ្ចូលទាំង ចំនួនភ្ញៀវទេសចរណ៍មកទស្សនា។
- ការរៀបចំបែងចែកវេនសម្រាប់ប្រជាជនដែលបើកទូកដឹកភ្ញៀវទេសចរណ៍ ចំនួនប្រជាពលរដ្ឋដែលបម្រើសេវាកម្មទេសចរណ៍ (ចំនួនអ្នកបើកទូក/កាណូត ចំនួនផ្ទះស្នាក់)។
- ជួបជាមួយអាជ្ញាធរដែនដី ថ្នាក់ឃុំ អំពីផែនការដែលឃុំចូលរួមក្នុងការជួយដល់ផ្នែកទេសចរណ៍ក្នុងតំបន់ និងដៃគូសហការនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដែលជួយដល់ឃុំកំពង់ភ្លុក ។
ជាមួយនឹងសកម្មភាពក្រុមការងារចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើនេះជាលទ្ធផលមានដូចជា៖
១. ចំនួនទូក/កាណូតដែលបម្រើដល់ភ្ញៀវទេសចរណ៍ដែលទំហំមធ្យមផ្ទុកមនុស្ស (១-៤៩) ដែលតម្លៃអាស្រ័យទៅតាមទំហំទូក/កាណូត
២. ចំនួនទូកអុំសរុបទាំង ០៣ភូមិក្នុងឃុំកំពង់ភ្លុកមានចំនួន ១៣០ទូក ដែលបច្ចុប្បន្នមិនទាន់ដំណើការនៅឡើយ ដោយសារការគោករាក់ដែលមិនអាចអុំទូកបាន
៣. ចំនួនផ្ទះស្នាក់ដែលមាននៅក្នុងឃុំកំពង់ភ្លុកមានចំនួន០៦ ដែលក្នុង១ខែមានចំនួនភ្ញៀវ ១ក្រុម ទៅ២ក្រុម (ឆ្នាំ២០២៣) ប៉ុន្តែក្នុងឆ្នាំ២០២៤ មិនទាន់មានភ្ញៀវស្នាក់នៅឡើយទេ
៤. ភ្ញៀវទស្សនានៅក្នុងតំបន់ឃុំកំពង់ភ្លុកមាន ភ្ញៀវអន្តរជាតិ ( ទស្សនានៅក្នុងចន្លោះខែ០៨ ដល់ខែ០៤ )ភ្ញៀវជាតិ ( ទស្សនានៅក្នុងរដូវបុណ្យទាននានា បុណ្យទន្លេ ភ្ជុំ ចូលឆ្នាំ ) បច្ចុប្បន្នចំនួនភ្ញៀវជាតិមានចំនួនតិចតួចប៉ុណ្ណោះមកទស្សនាក្នុងឃុំកំពង់ភ្លុក។
សូមជម្រាបជូនថា៖ សកម្មភាពនេះមានគោលបំណង ធ្វើបច្ចុប្បន្នភាពដែលប្រជាជនបាននឹងកំពុងរស់នៅក្នុងភូមិបណ្ដែតទឹក ចងក្រងពីស្ថានភាពជាក់ស្ដែងក្នុងភូមិបណ្ដែតទឹក ចងក្រងសក្ដានុពលទេសចរណ៍ សហគមន៍នេសាទ ធនធានធម្មជាតិដែលមានតម្លៃក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចប្រជាជនដែលនៅក្នុងតំបន់៕