នៅថ្ងៃចន្ទ ៤កើត ខែភទ្របទ ដល់ ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានធនធានធម្មជាតិ ដឹកនាំដោយលោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ ធ្វើការចុះសិក្សាស្រាវជ្រាវអំពីជីវៈចម្រុះ និងបរិមាណប្លង់តុង (Plankton) នៅតំបន់បឹងទន្លេសាប ដែលមានទំនាក់ទំនងទៅនឹងការលូតលាស់របស់ប្រភេទត្រីស នៅភូមិសាស្ត្រតំបន់បឹងទន្លេសាប និងដងស្ទឹងសែន ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ការចុះសិក្សានេះ ក្រុមការងារស្រាវជ្រាវបានធ្វើការលើ ៖
ទី១. តាមដានលើគុណភាពទឹកបឹងទន្លេសាបដូចជា កម្រិតថ្លា, ជម្រៅទឹក, សីតុណ្ហភាព, ភាពចម្លងចរន្ត, អុកស៊ីសែនរលាយក្នុងទឹក និងសារធាតុ Chlorophyll។
ទី២. ការយកសំណាកទឹកមកពិនិត្យ/វិភាគលើសារធាតុប្លង់តុងសត្វ និងរុក្ខជាតិ។
ទី៣. សិក្សាតាមដាន និងវាយតម្លៃលើការលូតលាស់របស់ប្រភេទត្រីស និងពិនិត្យវាយតម្លៃពីចំនួនប្រភេទត្រី ទៅតាមលក្ខណៈប្រភេទលំនៅដ្ឋានត្រីតាមរយៈប្រភេទឧបករណ៍នេសាទ លប មងរាយ/បណ្តែត ដែលនេសាទក្នុងតំបន់សិក្សា។
ជាមួយនឹងសកម្មភាពក្រុមការងារមន្ត្រីចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលឃើញថា ៖
១. គុណភាពទឹកបឹងទន្លេសាប និងទឹកស្ទឹងសែនក្នុងខែកញ្ញាគឺមានគុណភាពល្អ ដោយទឹកមានភាពថ្លាប្រមាណ ១៥ ស.ម ទៅ ២៥ ស.ម ស៊ីតុណ្ណភាពទឹកមានចន្លោះពី ២៩ អង្សារសេ- ៣១ អង្សារសេ ចំណែកអុកស៊ីសែនរលាយក្នុងទឹកមានគ្រប់គ្រាន់លើសពី ៥.២ mgO2/L ។
២. ក្រុមការងារបានយកសំណាកទឹកដើម្បីពិនិត្យមើលសារធាតុប្លង់តុងចំនួន ០២ ទីតាំង គឺ (i) យកសំណាកទឹកនៅក្នុងតំបន់រ៉ាមសារស្ទឹងសែនក្នុងដងស្ទឹងសែន និង(ii) យកសំណាកទឹកនៅចំណុចមាត់បឹងទន្លេសាប(បឹងតូច)។
៣. យកសំណាកត្រីស្ថិតក្នុងលំដាប់ Cypriniformes ចំនួន ៥ ប្រភេទមានដូចជា ត្រីច្រកែង_Puntioplites procto-zysron, ត្រីឆ្កោក_Cyclocheilichthys enoplos ត្រីឆ្ពិនមាស_Hypsibarbus sp, ត្រីខ្នងវែង_ Dangila lineata និងត្រីក្រុសអុចកន្ទុយ_ Osteochilus hasselti ត្រូវបានយកមកវះពោះដើម្បីធ្វើវិភាគពី Stomach_contents របស់ត្រីនីមួយៗ និងបានពិនិត្យវាយតម្លៃលើស្ថានភាពលំនៅដ្ឋានត្រីក្នុងតំបន់សិក្សាផងដែរ។
សូមជម្រាបជូនថា : សកម្មភាពចុះសិក្សាស្រាវជ្រាវអំពីជីវៈចម្រុះ និងបរិមាណប្លង់តុង (Plankton) នៅតំបន់បឹងទន្លេសាប ដែលមានទំនាក់ទំនងទៅនឹងការលូតលាស់របស់ប្រភេទត្រីស នៅភូមិសាស្ត្រតំបន់បឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់អាជ្ញាធរទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណង ៖
- វាយតម្លៃពីប្រភេទប្លង់តុងសត្វ និងរុក្ខជាតិដែលមាននៅក្នុងទឹកបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ។
- តាមដានការលូតលាស់ប្រភេទត្រីស(Cyprinidea) ចាប់ពីទើបបង្កកំណើតរហូតដល់ក្លាយជាត្រីមេបា។
- ធ្វើការវាយតម្លៃ និងផលប៉ះពាល់សម្រាប់ពពួកជីវៈចម្រុះក្នុងតំបន់សិក្សា។
- ប្រមូល ចងក្រងព័ត៌មាន ទិន្នន័យបឋមលើប្រភេទប្លង់តុងនៅតាមទីតាំងចុះសិក្សា សម្រាប់ចងក្រងជាឯកសារមូលដ្ឋាន លើការសិក្សាតាមដានជីវៈចម្រុះក្នុងតំបន់ទន្លេសាប។