រាជធានីភ្នំពេញ៖ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការអាជ្ញាធរទន្លេសាបលើការប្រើប្រាស់ឧបករណ៍ ADCP នាថ្ងៃទី ២៨ ដល់ ២៩ ខែកក្កដា ឆ្នាំ ២០២២ អាជ្ញាធរទន្លេសាបបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍ Acoustic Doppler Current Profile (ADCP) ជូនដល់មន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាបចំនួន២០នាក់ និង ៤នាក់ ជាមន្ត្រីនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ។
សិក្ខាសាលានេះមានគោលបំណង ៖
-ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាធរទន្លេសាបក្នុងការប្រើប្រាស់ឧបករណ៍ ADCP ឲ្យស្ទាត់ជំនាញ ព្រមទាំងការថែទាំឧបករណ៍ ។
-ប្រមូល និងវិភាគទិន្នន័យ ដែលទទួលបានពីការវាស់វែង លើលំហូរទឹក ចរន្តទឹក ជម្រៅទឹក រយៈកម្ពស់តួបាត ទន្លេ ស្ទឹង បឹង ។
សារៈសំខាន់លើការប្រើប្រាស់ឧបករណ៍ ADCP គឺការធ្វើការសិក្សាលើរបបជលសាស្ត្រទន្លេ ស្ទឹង បឹង និងសិក្សាតាមដានលើការប្រែប្រួលនៃរបបទឹក ការប្រែប្រួលបាតតួទន្លេ ស្ទឹង បឹង ដែលបាន និងកំពុងកើតមាននៅតាមទន្លេ ស្ទឹង បឹង ជាដើម ដើម្បីធ្វើការវិភាគ សិក្សាលម្អិត លើមូលហេតុចម្បងៗ ដែលបាន និងកំពុងកើតមានដោយការអភិវឌ្ឍ និងអភិរក្ស ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ។