កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី​ការបញ្ជ្រាប​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ (MASAP)

​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ​២០២១ ត្រូវ​នឹង​ថ្ងៃ អង្គារ ១៣ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម លឹម គានហោ ប្រធាន​អាជ្ញាធរ​ទន្លេសាប លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី​ការបញ្ជ្រាប​ផែនការ​យុទ្ធសាស្ត្រ សកម្មភាព​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ (MASAP) នៅក្នុង​គោលការណ៍​ណែនាំ​នៃ​ភាព​បន្ស៊ាំ​គ្រោះរាំងស្ងួត និង​ការទទួលស្គាល់​មូលនិធិ​អាកាសធាតុ នៅ​សាលប្រជុំ  គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​សហការ​រៀបចំ​ដោយ​លេខាធិការដ្ឋាន MRC និង​អង្គការ​ដៃគូ​សកល ព្រមទាំង​ការចូលរួម​ពី​ក្រសួង​-​ស្ថាប័ន និង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​សម្រាប់​ប្រទេស​ទាំង ៤ គឺ​កម្ពុជា ឡាវ ថៃ និង​វៀតណាម ។ ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្ត្រី​តំណាង​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា សរុប​ចំនួន ១២​នាក់ និង​អង្គការ​ដៃគូ​ផ្សេងៗ  

​គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​រួមមាន​៖ 

១- ពិភាក្សា​លើ​ឯកសារ​បច្ចេកទេស ស្តីពី​សកម្មភាព​បន្ស៊ាំ​នឹង​ការ​ការបញ្ជ្រាប​ប្រែប្រួល​អាកាសធាតុ (MASAP) ក្នុង​គោលការណ៍​ណែនាំ​នៃ​ភាព​បន្ស៊ាំ​គ្រោះរាំងស្ងួត​របស់ MRC ។ 

២- ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​បឋម ស្តីពី​វឌ្ឍនភាព​សកម្មភាព​នៃ​ការទទួលស្គាល់​មូលនិធិ​អាកាសធាតុ និង​ពិភាក្សា​លើ​ផែនការ​ការងារ​សម្រាប់​ដំណើរការ​ទទួលស្គាល់​គុណភាព​ឯកសារ​គម្រោង ។​

៣- ពិភាក្សា​ស្តីពី​ការទទួលបាន​លិខិតផ្លូវការ​សម្រាប់​ដំណើរការ​ទទួលស្គាល់​គុណភាព​មូលនិធិ​អាកាសធាតុ ។​

៤- ពិភាក្សា​អំពី​លក្ខណៈសម្បត្តិ​សម្រាប់​គាំទ្រ​ដល់​ការត្រៀមខ្លួន​ជាមុន​លើ​ដំណើរការ​មូលនិធិ​អាកាសធាតុ​បៃតង​/​មូលនិធិ​បន្សាំ ។​