នារសៀលថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម លឹម ពុយ
អនុប្រធានអាជ្ញាធរទន្លេសាប អមដោយ ឯកឧត្តម ស៊ិន វិសិទ្ធ អគ្គលេខាធិការ និងសហការីបានចូលរួមកិច្ចប្រជុំតាមរយះ Video Conference ជាមួយក្រុមការងារគម្រោង Satreps ដោយមានការចូលរួមពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងភាគីជប៉ុន និងសម្របសម្រួលពីតំណាង JICA ។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់គឺ ៖
(១) ពិនិត្យលើ វឌ្ឍនភាពការងារគម្រោង
(២) ការតម្លើងថ្មី និងការជួសជួលស្ថានីយ៍ឧតុនិយមស្វ័យប្រវត្តិនៅបឹងទន្លេសាប
(៣) កិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលធនធានមនុស្ស និងផែនការបន្តនាពេលខាងមុខ ។ តាមរយះការពិភាក្សាគ្នាយើងទទួលលទ្ធផលសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
(១) ភាគីជប៉ុននឹងយកអនុសាស្ត្ររបស់ ឯកឧត្តម លឹម ពុយ លើកត្តាបម្រែបម្រួលរបបជលសាស្ត្រនិងគុណភាពទឹកខ្លាំងបំផុតនៅឆ្នាំ២០២០ ដែលជម្រៅទឹកបឹងទន្លេសាបធ្លាក់មកត្រឹម ២០សង់ទីម៉ែត្រ តាមរយៈការផ្សារភ្ជាប់នៃលទ្ធផលការងាររបស់ភាគីជប៉ុនលើម៉ូដែលនៃការប្រែប្រួលបរិមាណអាសូតនិងផូស្វ័រតាមរដូវការ (mesotrophic lake)
(២) ភាគីជប៉ុននឹងពិចារណាលើផែនការយុទ្ធសាស្ត្រ ២០២១-២០២៥ របស់អគ្គលេខាធិការដ្ឋានអទស
(៣) ភាគីជប៉ុននឹងគ្រោងជួសជួលស្ថានីយ៍ឧតុនិយមស្វ័យប្រវត្តិឡើងវិញក្រោយអាក់ខានជាច្រើនលើក
(៤) ភាគីជប៉ុននឹងបន្តសហការជាមួយ អទស ក្នុងការតាមដានគុណភាពទឹក និងបម្រែបម្រួលរបបជលសាស្ត្រ
(៥) អទស នឹងទទួលបន្ទុកលើការសរសេរជំពូកទី៣១ និង៣២ ដើម្បីចូលក្នុង Sprinker
(៦) មន្ត្រីបច្ចេកទេស អទស ០២ រូប នឹងទទួលបានវគ្គបណ្តុះបណ្តាលនៅជប៉ុន នាឆ្នាំ២០២១ ។