កាលពីព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅទីស្តីការ ក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) មានបើក កិច្ចប្រជុំសំណេះ សំណាលការងារជាមួយថ្នាក់ដឹកនាំមានឋានៈ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានមកពីស្ថាប័នចំនួន៣ ចំណុះឲ្យក្រសួង គឺក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាបនិង គណៈកម្មការជាតិទន្លេមេគង្គកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ដើម្បីផ្តល់ការណែនាំ និងប្តេជាអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រកំណែទំរង់ស៊ីជម្រៅនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ឲ្យមានប្រសិទ្ធភាព និងជោគជ័យជូនរាជរដ្ឋាភិបាល។
កិច្ចប្រជុំសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានផ្តល់នូវចំណុចសំខាន់ៗចំនួន៥ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញចំណុះក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តការងារនៅក្នុងអាណត្តិទី ៥ នេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងរីកចំរើនកាន់តែខ្លាំង រួមមាន ៖
ទី១- ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ចំណុះក្រសួងធនធានទឹក និងឧតុនិយម ត្រូវតែដុសខាត់ និងលុបបំបាត់ចោលនូវភាពអសកម្មទាំងឡាយណាដែលធ្លាប់មាននាពេលកន្លងទៅ និងត្រូវខិតខំ និងបំពេញក្នុងកំរិតមួយដ៏ខ្លាំង។
ទី២- ថ្នាក់ដឹកនាំនិងមន្ត្រីនៅតាមនាយកដ្ឋាន និងស្ថាប័នអង្គភាពនានាត្រូវបន្តពង្រឹង សមត្ថភាពនិងចំណេះដឹងនិងចំណេះធ្វើឲ្យមានការវិវឌ្ឍន៍កាន់តែខ្លាំងឡើងស្របទៅតាមការរីកចម្រើនរបស់វិទ្យាសាស្ត្រ និងតម្រូវការជាក់ស្តែងរបស់សង្គមជាតិ ក្នុងនោះចំណេះដឹងផ្នែកបច្ចេកទេស និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាទំនើបដែលមានការប្រែប្រួលនិងរីកចំរើនជារៀងរាល់ថ្ងៃ។
ទី៣ - ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងមានឆន្ទៈតែមួយទៅលើការបំពេញការងារនិងទទួលខុសត្រូវតាមតួនាទីរៀងៗខ្លួន។
ទី៤- ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ត្រូវធានានូវសកម្មភាពនិងការអនុវត្តន៍ឲ្យមានតម្លាភាពនិងសុគតភាពស្របតាមផែនការ និងទិសដៅដែលក្រសួងដាក់ឲ្យធ្វើនិងគម្រោងអភិវឌ្ឍន៍នានាត្រូវធ្វើឲ្យមានភាពរលូនប្រកបដោយនិរន្តរភាពនិង
ទី៥- រាល់ព័ត៌មាននៅក្នុងក្រសួងត្រូវផ្សព្វផ្សាយនិងចែករំលែកគ្នាទៅវិញទៅមកដើម្បីឲ្យគេដឹងគ្រប់ៗ គ្នា មានន័យថានាយកដ្ឋានមួយ ឬគណៈគម្មាធិការជាតិទន្លេមេគង្គ អាជ្ញាធរទន្លេសាបត្រូវដឹងពីព័ត៌មាននៃអង្គភាព ក៏ដូចជាស្ថាប័នផ្សេងៗដើម្បីចូលរួមសហការគ្នាជំរុញឲ្យការងារកាន់តែមានប្រសិទ្ធភាព និងអនុវត្តដោយរលូន។