ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដមសាស្ដ្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរ ទន្លេសាប នាថ្ងៃទី 5-8 ខែមេសា ឆ្នាំ 2012 ក្រុមការងារនាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះធ្វើការសិក្សាស្រាវជ្រាវតាមដានធនធានត្រី និងការចាប់ផ្ដើមពងរបស់ ប្រភេទត្រីមួយចំនួន ព្រមទាំងបានធ្វើការសិក្សាអំពីប្រភេទព្រៃលិចទឹក
ការរាប់ឈ្មោះរុក្ខជាតិ ការសិក្សាអំពីដំណុះដោយខ្នែងរបស់ព្រៃលិចទឹក និងលទ្ធភាពនៃការដុះលូតលាស់បន្ទាប់ពីមាន ការកាប់ទន្ទ្រាន ដោយកំណត់យកទីតាំង ឆ្នុកទ្រូ ខេត្ដកំពង់ឆ្នាំង ស្រុកស្ទោង និងស្ទឹងសែន ខេត្ដកំពង់ធំ ដើម្បីធ្វើការសិក្សា។ លទ្ធផលនៃការសិក្សាមានដូចខាងក្រោម ៖
1. សំណាកត្រី ៖ យើងបានប្រមូលសំណាកត្រីបានចំនួន 13 ប្រភេទ គឺ ត្រីរៀល ត្រីច្រកែង ត្រីកញ្ចុះ ត្រីកំបុតច្រមុះ ត្រីលិញ ត្រីឆ្លាំង ត្រីឆ្កោក ត្រីប្រមា ត្រីសណ្ដាយ ត្រីខ្មាន់ ត្រីកេះ ត្រីឆ្ដោ និងត្រីរ៉ស់។ ក្នុង ចំណោមត្រីទាំង 13 ប្រភេទនេះ គឺមានត្រីចំនួន 8 ប្រភេទ ដែលមានពង គឺដោយសារត្រីមានលំនៅដ្ឋាន គ្រប់គ្រាន់សម្រាប់បន្ដពូជ និងការរស់នៅ ធំធាត់ មានចំណីអាហារគ្រប់គ្រាន់ ដោយសាររបបទឹកឆ្នាំនេះ ទឹកនៅមានកំពស់ខ្ពស់ បើធៀបទៅនឹងឆ្នាំមុន។
ប្រជានេសាទប្រើមងក្រឡា 35 ម.ម ចំនួន 250 ម (5ដៃ) ក្នុងរយៈពេល 1 ម៉ោង អាចចាប់បានត្រី ចំនួន 20 ទៅ 30 គ.ក ដូចនេះក្នុងមួយថ្ងៃប្រជានេសាទម្នាក់ អាចចាប់ត្រីបាន ពី 150 ទៅ 200 គ.ក ក្នុង មួយថ្ងៃ (ចាប់ពីម៉ោង 7 ព្រឹក ដល់ ម៉ោង 3 ល្ងាច)។ ប្រភេទត្រីឆ្នាំមុនៗមិនសូវជួបប្រទះ គឺឆ្នាំនេះជួប ប្រទះច្រើនដូចជា ត្រីក្រឡង់ ត្រីឆ្កោក ជាដើម...។
2. ព្រៃលិចទឹក ៖ យើងបានជ្រើសរើសទីតាំង ភូមិត្រញំងចាន់ និងភូមិក្រចាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង ភូមិកំពង់ប្រដុំ ឃុំម្សារក្រង ស្រុកស្ទោង ភូមិខ្សាច់ឈើរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ដើម្បីធ្វើការសិក្សា។
តាមចំនុចគោលដៅនីមួយៗ យើងមានកូអរដោនេភូមិសាស្ដ្រច្បាស់លាស់ ក្រុមការងារ បានសិក្សាអំពីប្រភេទព្រៃលិចទឹក/ការរាប់ឈ្មោះរុក្ខជាតិ/ការសិក្សាអំពីដំណុះដោយខ្នែង របស់ព្រៃលិចទឹក និងលទ្ធភាពនៃការដុះលូតលាស់បន្ទាប់ពីមានការកាប់ទន្ទ្រាន។ ការចុះ សិក្សានេះក្រុមការងារបានរាប់ឈ្មោះ ប្រភេទរុក្ខជាតិព្រៃលិចទឹកសរុបបានចំនួន 51 ប្រភេទ ក្នុងចំណោម 151 ប្រភេទ ដែលរកឃើញ ដោយអាជ្ញាធរទន្លេសាប នាឆ្នាំ 2010។
ការសិក្សារបស់អាជ្ញាធរទន្លេសាប ក្នុងឆ្នាំ 2010-2011 កន្លងមកបានរកឃើញប្រភេទត្រី សរុបចំនួន 93 ប្រភេទ ដែលក្នុងនោះនៅបឹងទន្លេសាប មានចំនួន 74 ប្រភេទ និងរក ឃើញថែមចំនួន 19 ប្រភេទ ទៀតដែលមានវត្ដមាននៅតាមឡូត៍ដាយខេត្ដកណ្ដាល។ រុក្ខជាតិព្រៃលិចទឹកមានចំនួន 151 ប្រភេទ ។ ក្រុមការងារនឹងធ្វើការសិក្សាស្រាវជ្រាវ លើប្រភេទត្រី និងរុក្ខជាតិព្រៃលិចទឹកទាំងនេះជាបន្ដបន្ទាប់ទៀត។