កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​តំណាង​ទីភ្នាក់ងារ​អាឡឺម៉ង់ (GIZ)

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ០៦​កើត ខែ​មិគសិរ ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ជួប​សន្ទនា​ជាមួយ​ក្រុមការងារ​តំណាង​ទីភ្នាក់ងារ​អាឡឺម៉ង់ (GIZ) ដើម្បី​ស្វែងយល់​អំពី​ទស្សនវិស័យ​របស់​អាជ្ញា​ធរ​ទន្លេសាប ចំពោះ​គណ​:​កម្ម​ការ​ទន្លេមេគង្គ​លើ​ការងារ​គ្រប់គ្រង​ទឹក​ឆ្លងដែន​។ ភាគី GIZ ចង់​សិក្សា​ស្វែងយល់​អំពី ៖
- ភាពជោគជ័យ​របស់ MRC ក្នុងការ​សម្របសម្រួល​លើ​អត្ថប្រយោជន៍​សក្តានុពល​នៃ​ការគ្រប់គ្រង​ទឹក​ឆ្លងដែន​។​
- ស្វែងយល់​អំពី​ការចូលរួម​របស់​ដៃគូ​រពាក់​ព័ន្ធ​នានា​ជាមួយ MRC លើ​ការគ្រប់គ្រង​ធនធានទឹក​ឆ្លងដែន​។
- ប្រមូល​ព័ត៌មាន ការចែករំលែក និង​អនុសាសន៍ ដើម្បី​ជា​មធ្យោបាយ​បង្កើត​ការគាំទ្រ​ដល់ MRC នាពេលខាងមុខ​បន្ថែមទៀត​។​