ក្រុមការងារគុណភាពទឹក និងសេដ្ឋកិច្ចសង្គមរបស់អាជ្ញាធរ ទន្លេសាប បានចុះសិក្សានៅទីតាំង 3 ចំនុចសំខាន់ៗ គឺនៅ ឆ្នុកទ្រូ កំពង់លួង និងចុងឈ្នៀស គឺដើម្បីតាមដាន និងវាយតម្លៃគុណភាពទឹក លើបារ៉ាមែត្រសំខាន់ ដូចជា Conductivity, pH, ស៊ីតុណ្ហភាពទឹក, កំរិតភាពថ្លានៃទឹក,អុកស៊ីសែនរលាយក្នុងទឹក,ជំរៅទឹក និងការពិនិត្យលើស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋក្នុង ការរស់នៅប្រចាំថ្ងៃក្នុងភូមិបណ្តែកទឹកនៃបឹងទន្លេសាប។
ក្រុមការងាររបស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចុះសិក្សាស្រាវជ្រាវវាយតម្លៃលើធនធានត្រីប្រមាណ ៣២ ប្រភេទចាប់តាំងពីខែ មេសា ឆ្នាំ២០១២ ដោយបានចុះយកសំណាកត្រីចំនួន 5 លើករួចមកហើយ ដើម្បីពិនិត្យ និងសិក្សាលើប្រភេទត្រីដែលមានពង និងការវិវត្តរបស់ពងត្រីតាមប្រភេទត្រីនីមួយៗ។សម្រាប់ការចុះបំពេញបេសកកម្មចុងក្រោយនេះ ក្រុមការងារបានធ្វើការពិនិត្យលើប្រភេទត្រីចំនួន ២២ ប្រភេទបន្ថែមទៀត ដែលសរុបប្រភេទត្រីទាំងអស់មានចំនួនកើនដល់ ៥៤ប្រភេទក្នុងនោះប្រភេទត្រីដែលមានពងមានចំនួន ៣៣ប្រភេទ។ ក្រុមការងារបានធ្វើការវាស់ប្រវែង, ថ្លឹងទំងន់, វះយកពងត្រីមកពិនិត្យនៅនឹងទីកន្លែងផ្ទាល់ មានដូចជាៈ តំបន់ឆ្នុកទ្រូ ក្នុងខេត្តកំពង់ឆ្នាំង, តំបន់ផាត់សណ្តាយ និងពាមបាងក្នុង ខេត្តកំពង់ធំ, តំបន់កំពង់លួង ក្នុងខេត្តពោធិ៍សាត់, តំបន់កំពង់ឃ្លាំង និងកំពង់ភ្លុក ក្នុងខេត្តសៀមរាប។
សម្រាប់ការចាប់ត្រីតាមឧបករណ៍នេសាទ ក្នុងកំឡុងពេលចុះបំពេញបេសកកម្មការងារនេះ មានដូចខាងក្រោមៈ
ឧបកេណ៍បរ មានចំនួន ១៣ ប្រភេទ
ឧបករណ៍អួន មានចំនួន ១៨ ប្រភេទ
ឧបករណ៍ ឈឹបរុញ មានចំនួន ១១ ប្រភេទ
ឧបករណ៍មង មានចំនួន ១៨ ប្រភេទ
ឧបករណ៍ជន មានចំនួន ៤ ប្រភេទ
ក្រុមការងារសិក្សាពីជីវសាស្ត្រត្រីនេះ នឹងបន្តធ្វើការសិក្សាស្រាវជ្រាវរហូតដល់រដូវបើកនេសាទខាងមុខ។
ក្រុមការងាររបស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស
បានចុះសិក្សាស្រាវជ្រាវផលនេសាទក្នុងបឹងទន្លេសាបសម្រាប់ឆ្នាំ ២០១២-២០១៣ ខាងមុខដើម្បីធ្វើការវាស់ស្ទង់បរិមាណត្រី ដែលមានក្នុងបឹងទន្លេសាប និងវាយតម្លៃអំពីស្ថានភាពនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ ទើបនាយកដ្ឋាន បែងចែកក្រុមការងារគ្រប់គ្រងស្រាវជ្រាវតាមរយៈគោលការណ៍ ៣ របៀបគឺ
-ក្រុមទី ១ បានធ្វើការសិក្សាស្រាវជ្រាវពិសោធន៍ ដោយប្រើប្រាស់ឧបករណ៍នេសាទដូចជា អួន, ឈិប និងជន នៅក្នុងភូមិ សាស្ត្រក្នុងឡូត៍អភិរក្សលេខ ៤ និងដែននេសាទសាធារណៈ ខេត្តកំពង់ឆ្នាំង និងប្រើប្រាស់ឧបករណ៍ អួន, ជន នៅក្នុងកន្លែងអភិរក្សកំពង់ប្រាក់ និងដែនសាធារណៈ មុខកំពង់លួង ក្នុងគោលដៅពិនិត្យអំពីបរិមាណត្រី ខេត្ត ពោធិ៍សាត់។
-ក្រុមទី ២ បានធ្វើការស្រាវជ្រាវពិសោធន៍ដោយក្រុមការងារ បានចុះពិនិត្យឧបករណ៍ល្មើសច្បាប់ដូចជា ឧបករណ៍ បរ និង លបណរ៉ាវ និងមងបណ្តែតប្រវែងវែង ដែលលួចដាក់ក្នុងព្រៃលិចទឹក ជាតំបន់សំបូរត្រីច្រើន ដើម្បីវាយ តម្លៃផលត្រីដែលចាប់ក្នុងមួយថ្ងៃៗ នៅភូមិសាស្ត្រខេត្តកមពង់ឆ្នាំង និងកំពង់ធំ។
-ក្រុមទី ៣ បានចុះស្រង់ស្ថិតិផលត្រីតាមយឿ ដើម្បីពិនិត្យ បរិមាណត្រី ប្រភេទត្រី ប្រភពត្រី ឧបករណ៍ចាប់ ទីផ្សារ និងតម្លៃ នៅ ក្នុងខេត្ត កំពង់ឆ្នាំង, ពោធិ៍សាត់ និងសៀមរាប ក្នុងពេលផ្ទៀងផ្ទាត់ផលត្រី ដែលចាប់បានពីការ ធ្វើពិសោធន៍ របស់ក្រុមទី ១ និង ទី ២ ។