ក្រោយពីទទួលបានគោលការណ៍ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរ ទន្លេសាប ក្រុមការងាររបស់អាជ្ញាធរទន្លេសាប ព្រមទាំងមន្ត្រីក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរដែនដីខេត្តកំពង់ធំ បានចុះអនុវត្តតាមបទបញ្ជា ដើម្បីស្រង់នូវនិយាមកាជាក់ស្តែង និងបោះបង្គោលកំណត់ដីស្រែនៃភូមិគោកត្របែក ឃុំស្រឡៅ និងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ
ខេត្តកំពង់ធំ ដែលស្ថិតនៅតំបន់បីនៃបឹងទន្លេសាប ចាប់តាំងពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៣ រហូតដល់ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៣ ។ក្រុមការងារអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប រួមដោយ ឯកឧត្តម ឯម ប៊ុនធឿន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម សៅ វណ្ណសិរីវុទ្ធ អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប មុននឹងចុះប្រតិបត្តិការណ៍ បានបើកកិច្ចប្រជុំជាមួយនឹងថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងរដ្ឋបាលជលផលខេត្តកំពង់ធំ ស្តីអំពីការឃ្វៀលដីអាង និងដីស្រែតាមសំណើរបស់ប្រជាកសិករ តាមរយៈអាជ្ញាធរមូលដ្ឋាន ភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ និងភូមិខ្សាច់ជីរស ឃុំកំពង់គោ ស្រុក កំពង់ស្វាយ ដែលស្ថិតនៅតំបន់បីនៃបឹងទន្លេសាប។ បន្ទាប់មកក្រុមការងារ បានចុះប្រតិបត្តិការ ក្នុងការស្រង់និយាមកា និងធ្វើការបោះបង្គោល។