ក្រោយពីទទួលបានគោលការណ៍ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរ ទន្លេសាប ក្រុមការងាររបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប រួមដោយ លោក អ៊ឹង គឹមលាង ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស និងលោក ខូវ មាស ប្រធាននាយកដ្ឋានធនធានធម្មជាតិ ព្រមទាំងមន្ត្រីនៃនាយកដ្នានទាំង
២ បានចុះសិក្សា តាមដានលើផលចាប់នៃធនធានត្រី, ប្រភេទត្រី, ជីវសាស្ត្រ និងភាពសម្បូររបស់ប្រភេទត្រីសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្ម និងការកែច្នៃ ជាពិសេសតាមដានលើប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ នៅតាមឡូត៍ដាយទាំង ១៥ ជួរ ស្មើនឹង ៦៥ គន្លង ដែលស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលនៅរដូវនេសាទឆ្នាំ ២០១២ - ២០១៣ នេះ ចាប់ពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១២ រហូតដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៣។
ទន្ទឹមនឹងនោះ ក្រុមការងារ បានធ្វើការត្រួតពិនិត្យ និងស្រង់ទិន្នន័យជាមួយប្រជានេសាទជាលក្ខណៈគ្រួសារ និងសិប្បកម្ម ដែលប្រើប្រាស់ឧបករណ៍នេសាទដូចជា មងរាយ មងបណ្តែត និងនាម នៅតាមដងទន្លេសាបផងដែរ។
ក្រុមការងារ បានធ្វើការវិភាគលើផលចាប់នៅរដូវនេះ ទៅនឹងរបបជលសាស្ត្រ ដោយយោងលើទិន្នន័យកំពស់ទឹកនៅស្ថានីយ៍ព្រែកក្តាម និងធ្វើការវាស់វែងល្បឿនទឹកតាមបណ្តាឡូត៍ដាយជារៀងរាល់ខែ។ ចំពោះការសិក្សាលើជីវសាស្ត្ររបស់ប្រភេទត្រីសំខាន់ៗ សំណាកត្រីមួយចំនួនធំដែលបានមកពីឡូត៍ដាយទាំង ១៥ ជួរ ត្រូវបានពិនិត្យលើប្រភេទ ធ្វើការវាស់ប្រវែង និងថ្លឹងទម្ងន់ នៅបន្ទប់ពិសោធន៍របស់អាជ្ញាធរទន្លេសាប ។ ក្រោយពី ឡូត៍ដាយ បានបញ្ចប់ការធ្វើអាជីវកម្ម ក្រុមការងាររបស់អាជ្ញាធរទន្លេសាប នឹងធ្វើការប្រៀបធៀបផលចាប់របស់អាជីវកម្មឡូត៍ដាយរវាងរដូវនេសាទឆ្នាំ ២០១១ -២០១២ និងរដូវនេសាទឆ្នាំ ២០១២-២០១៣។