នាថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០១៣ ក្រោមការឯកភាពពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអនុញ្ញាតិជូន ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ដឹកនាំគណៈប្រិតិភូអាជ្ញាធរទន្លេសាប រួមដំណើរដោយ ឯកឧត្តម សៅ វណ្ណសិរីវុទ្ធ អគ្គលេខាធិការង និង លោក ខូវ មាស ប្រធាននាយកដ្ឋានធនធានធម្មជាតិនៃ អាជ្ញាធរទន្លេសាប ចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) រវាង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងអាជ្ញាធរទន្លេសាបនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ គឺមានគោលបំណងផ្លាស់ប្តូរសកម្មភាព និងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នាដើម្បីការអភិវឌ្ឍប្រទេសជាតិ និងជាផលប្រយោជន៍រួម នៃស្ថាប័នទាំងពីរ។ កិច្ចសហប្រតិបត្តិការរួមមាន ៖
- ការផ្លាស់ប្តូរកម្មសិក្សារបស់និស្សិត បុគ្គលិកឬអ្នកស្រាវជ្រាវ។
- ការបង្កើត និងការសំរេច នៃគម្រោងស្រាវជ្រាវរួមគ្នានៅក្នុងបឹងទន្លេសាប មានដូចជា៖ សមាសធាតុពុល (Toxic substances) ក្នុងទឹក, ដី, ភក់ និងពពួកសត្វនានា ព្រមទាំងរុក្ខជាតិដែលមាននៅក្នុងបឹងទន្លេសាប ឬតំបន់ពាក់ព័ន្ធ។
- សិក្សាអំពីសុខុមាលភាពរបស់ប្រជាជនរស់នៅតាមបណ្តាភូមិបណ្តែតទឹកជុំវិញ បឹងទន្លេសាប។
- ការរៀបចំរួមគ្នានៃសន្និសីទ ឬសិក្ខាសាលាស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ។
- ការផ្លាស់ប្តូរឯកសារស្រាវជ្រាវ ឯកសារវិទ្យាសាស្ត្រ និងព៌ត័មានវិទ្យាសាស្ត្រ។
អាជ្ញាធរទន្លេសាប បានធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងមហាវិទ្យាល័យឱសថសាស្ត្រ ដែលមានការគាំទ្រដោយសាកលវិទ្យាល័យជាតិសឹង្ហបូរី (National University of Singapore), Defense Scientific Organization នៃប្រទេសសឹង្ហបូរី និងសាកលវិទ្យាល័យ Montpellier ប្រទេសបារាំងលើប្រធានបទកម្មវិធីនៃការសិក្សាស្រាវជ្រាវ “ BiodivHealthSEA in the Tonle Sap Cambodia ” ។
ជាទីបញ្ចប់ ឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក៍ដូចជា ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប មានមតិស្របគ្នាក្នុងការលើកទឹសដៅជុំរុញធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តការដំណើរការទៅមុខប្រកបដោយប្រសិទ្ធិភាព និងទទួលបាននូវសមិទ្ធផលខ្ពស់ដែលជាប្រយោជន៍រួមដល់ជាតិ និងស្ថាប័នទាំងពីរ។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះបានបញ្ចប់ប្រកបដោយស្មារតីរីករាយ និងសហប្រតិបត្តិការល្អ។