កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ ២០១៣ ក្រុមការងារអាជ្ញាធរទន្លេសាប ដឹកនាំដោយ សាស្ត្រាចារ្យ លឹម ពុយ បានចុះធ្វើ ការសិក្សាលើការប្រើប្រាស់ធនធាន ទឹកនៃអាងទន្លេស្ទឹងសែន នៅក្នុងស្រុកចំនួនពីរ នៃខេត្តកំពង់ធំ ដែលស្ថិតនៅតាមដងស្ទឹងសែន ។ ក្រោយពីបានធ្វើការប្រជុំផ្សព្វផ្សាយ លើគម្រោង ការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងទន្លេស្ទឹងសែន ដោយមានជំនួយពីភាគី បារាំង (Agence de l’Eau – Loire-Bretagne & Office Internationale de l’Eau ) និងពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានថ្នាក់ ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់រួចមក ក្រុមការងារបានចុះធ្វើការសំភាសន៏ជាមួយ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំនួន ៥ឃុំ នៃស្រុកកំពង់ស្វាយ និងចំនួន ៦សង្កាត់ នៃក្រុងស្ទឹងសែន។ បទសំភាសន៏បានផ្តោតសំខាន់លើការប្រើប្រាស់ទឹកក្នុងគ្រួសារ, លើការស្រោចស្របក្នុងវិស័យកសិកម្ម ។ ចំពោះសង្កាត់ចំនួន ពីរនៃក្រុងស្ទឹងសែន ក្រៅពីការប្រើប្រាស់ទឹកក្នុងគ្រួសារបទសំភាសន៏បានផ្តោតលើវិស័យឧស្សាហកម្មមួយចំនួនដែលមានតម្រូវការទឹកជាអតិបរិមាដូចជា ការផលិតទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងទីក្រុង(រដ្ឋករទឹក), ការផលិតទឹកសុទ្ឋ, ការផលិតទឹកកកអនាម័យ និងទឹកកកដើម, កន្លែងលាងរថយន្ត ។ល។
បេសកកម្មនេះមានការចូលរួមយ៉ាងសកម្មពីសំណាក់ មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ និងដោយមានការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានខេត្ត ស្រុក ឃុំ ភូមិ ដែលធ្វើអោយគម្រោងនេះបញ្ចប់ដោយភាពជោគជ័យ។