ចាប់ពី ថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៣ ក្រុមការងារគ្រប់គ្រងធនធានទឹកចម្រុះនៃអាង ទន្លេស្ទឹងសែន ដឹកនាំដោយ ឯកឧត្តម សាស្រ្តាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានសហការជាមួយនិង ក្រុមភ្នាក់ងារទឹកបារាំង ដែលមានលោកស្រី Sophie LELCHAT ជំនាញការផ្នែកលក្ខណៈទូទៅក្នុង
ការបង្កើត ផែនការគ្រប់គ្រងអាងទន្លេ មកពី Loire Brittany Water Agency (AELB) និងលោក Pierre HENRY de VILLENEUVE ជំនាញការផ្នែកបង្កើតក្រុមប្រឹក្សាក្នុងការគ្រប់គ្រងអាងទន្លេ មកពី International Office for Water (OIEau) ដើម្បីពិភាក្សាលើបែបបទក្នុងការ ការរៀបចំ ការបង្កើត គណៈកម្មាធិការគ្រប់គ្រងអាងទន្លេស្ទឹងសែន នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ជាមួយគ្នានេះដែរ បានធ្វើការរៀបចំលើ កត្តាដ៏សំខាន់ៗ ដូចជា: (i) លក្ខណៈទូទៅ នៃអាងទន្លេស្ទឹងសែន (ii) ធនធានទឹក និងជីវចម្រុះ (iii) លក្ខណៈសង្គមសេដ្ឋកិច្ច (iv) ការប្រើប្រាស់ទឹកលើគ្រប់វិស័យ (v) នីតិវិធីនៃការគ្រប់គ្រងអាងស្ទឹងសែន និង(vi) បទដ្ឋានគតិយុត្តិដែលទាក់ទងនឹងធនធានទឹក ដើម្បីរៀបចំគោលធំៗនៃផែនការមេសម្រាប់ដាក់ជូនក្នុងអនាគតដល់គណៈកម្មាធិការគ្រប់គ្រងអាងទន្លេធ្វើការសម្រេច។ ក្នុងបេសកកម្មនោះដែរ លោកស្រី Sophie LELCHAT ក្រោយពីបានជ្រាបអំពីលទ្ធផលនៃការសិក្សាជំហ៊ានទី 1 ដែលក្រុមការងារបានធ្វើបទបង្ហាញស្តីពីការចុះស្រង់ពត៌មាន និងការវិភាគដោយមានការបញ្ចូលទិន្នន័យ និងការបកស្រាយតាមបែបបទស្ថិតិលើការប្រើប្រាស់ទឹកនៅស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែននៃខេត្តកំពង់ធំ លោកស្រីក៏បានចូលរួម បានចូលរួមជាមួយក្រុមការងារនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីធ្វើការសម្ភាសន៍ផ្ទាល់ជាមួយប្រជាជនលើការប្រើប្រាស់ទឹក ព្រមទាំងបញ្ហាផ្សេងៗដែលមាននៅក្នុងឃុំផាត់សណ្តាយ។