ការចុះ​សិក្សា​ស្រាវជ្រាវ​ស្តីពី ការគ្រប់គ្រង និង​ការប្រើប្រាស់​ទឹក នៅ​ខេត្ត 5 ជុំវិញ​បឹង​ទន្លេសាប​ នៃ​កម្មវិធី​ប្រព័ន្ធ​កសិកម្ម​វា​រី​ជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ “Water Access, Availability and Management in the Program of Aquatic Agricultural Systems of

ក្រោមការដឹកនាំរបស់ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ក្រុមការងារអាជ្ញាធរទន្លេសាប ដែលមាន 4 ក្រុម បានចុះទៅសិក្សាស្រាវជ្រាវអំពីការគ្រប់គ្រង និងការប្រើប្រាស់ទឹករបស់ប្រជាជន ដែលរស់នៅក្នុងតំបន់បឹងទន្លេសាប នៃខេត្តចំនួន 5 គឺ ខេត្តកំពង់ឆ្នាំង, កំពង់ធំ

, ពោធិសាត់, បាត់ដំបង និងខេត្តសៀបរាម។ គោលបំណងនៃការចុះសិក្សាស្រាវជ្រាវនេះ គឺមិនត្រឹមតែចុះសិក្សាស្រាវជ្រាវអំពី ការប្រើប្រាស់ទឹក ការទាញយកផលប្រយោជន៍ពីទឹកប៉ុណ្ណោះទេ គឺថែមទាំងសិក្សាអំពីស្ថានភាពរស់នៅ និងកំរិតជីវភាពរបស់ប្រជាជន, ការសិក្សាអំពីប្រភេទមុខរបរ, ការធ្វើស្រែចំការ, ការចិញ្ចឹមសត្វ, ការនេសាទ, វារីវប្បកម្ម, និងការចូលរួមរបស់ស្ត្រីក្នុងសហគមន៍ ជាដើម។

ក្រុមការងារនៃអាជ្ញាធរទន្លេសាប និងទីប្រឹក្សាអន្តរជាតិមកពីអង្គការ WorldFish បានរៀបចំបញ្ជីរកម្រងសំណួរ, សិក្សាអំពីវិធីសាស្ត្រនៃការចុះប្រមូលទិន្នន័យ, វិធីសាស្ត្រនៃការសម្ភាសន៍បែបចូលរួម (Participatory Interview Methods), វិធីសាស្ត្រនៃការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធកំព្យូទ័រ និងការវិភាគទិន្នន័យ។ ចំពោះកម្មវិធីនៃការចុះប្រមូលទិន្នន័យនេះ គឺបានធ្វើឡើងនាថ្ងៃទី 10 ដល់ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2013 ដោយបានជ្រើសរើសយកស្រុកចំនួន 7 និងភូមិចំនួន 12 ដែលចែកជាបីចំនុចសំខាន់ៗគឺ ប្រភេទភូមិ ដែលមានប្រជាជនរស់នៅលើគោកសុទ្ធ, លើទឹកផងលើគោកផង, និងលើទឹកទាំងស្រុង។

ក្រុមការងារនៃអាជ្ញាធរទន្លេសាប និងទីប្រឹក្សាអន្តរជាតិមកពីអង្គការ WorldFish បានចុះសម្ភាសន៍ផ្ទាល់ ជាមួយប្រជាជន, អាជ្ញាធរមូលដ្ឋាន, កសិករ, អ្នកនេសាទ, ស្ត្រីមេផ្ទះ, សហគមន៍នេសាទ, និងសហគមន៍អ្នកប្រើប្រាស់ទឹក...ដោយបានប្រមូលព័តមានមូលដ្ឋានបានជាច្រើន និងកំពុងបញ្ចូលទិន្នន័យព័តមានទាំង នោះទៅក្នុងប្រព័ន្ធកំព្យូទ័រ ដើម្បីធ្វើការវិភាគ។ ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះនឹងមានការចែករំលែក និងផ្សព្វផ្សាយតាមរយៈអាជ្ញាធរទន្លេសាប និងអង្គការ WorldFish ប្រចាំប្រទេសកម្ពុជានាពេលខាងមុខ។