ដោយមានសេចក្តីអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ជូនដល់ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ចូលជាគណៈអធិបតី ក្នុងពីធីបើកអង្គសិក្ខាសាលា ស្តីពី “ យុទ្ធសាស្ត្រនៃការរៀបចំផែនការប្រព័ន្ធកសិកម្មវារីជាតិនៅតំបន់បឹងទន្លេសាប ” នាថ្ងៃទី 14 ខែ វិច្ឆិកា ឆ្នាំ 2013 នៅទីរួមខេត្ត សៀមរាប។
កន្លងមកអាជ្ញាធរទន្លេសាប បានធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវ ជាមួយអង្គការ WorldFish ប្រចាំប្រទេសកម្ពុជា លើកម្មវិធី ប្រព័ន្ធកសិកម្មវារីជាតិនៅជុំវិញបឹងទន្លេសាប។ ក្រោមកម្មវិធីនេះ អង្គការ WorldFish និងអាជ្ញាធរទន្លេសាប បានសហការជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា បរិស្ថាន, កសិកម្ម, ជលផល, សាកវិទ្យាល័យភូមិន្ទភ្នំពេញ, មហាវិទ្យាល័យវិទ្យាសាស្ត្រជលផលនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, អង្គការជាតិ និងអន្តរជាតិមួយចំនួន ដោយបានបង្កើតក្រុមការងារមួយឈ្មោះថា Diagnosis and Design Team ដើម្បីធ្វើការប្រជុំពិភាក្សា អំពី ការប្រឈម និងការបង្កើតទស្សនៈវិស័យសម្រាប់ការរួមចំណែកក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់បឹងទន្លេសាប។
អង្គសិក្ខាសាលា បានបង្ហាញជូននូវសកម្មភាពការងារ ក៍ដូចជាលទ្ធផលនៃការប្រជុំពិភាក្សាជាមួយ អ្នកពាក់ព័ន្ធនាពេលកន្លងមក ដើម្បីឈានទៅដល់ការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តកម្មវិធីបន្ត នាពេលអនាគតខាងមុខ។ អង្គសិក្ខាសាលា បានសម្រេចលើកយកផែនការអទិភាពមួយចំនួនសម្រាប់អនុវត្តមានដូចជា៖ (i)គុណភាពទឹក និងសុខមលភាព (ii) ការគ្រប់គ្រងដី និងទឹក (iii) សេដ្ឋកិច្ចសង្គម (iv) អភិបាលកិច្ចល្អ (v) ការចែករំលែកព័តមាន និង (vi) បង្កើតកិច្ចសហការបន្ថែមជាមួយដៃគូអភិវឌ្ឍន៍នានា។
ជាទីបញ្ចប់ ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប ក៍បានថ្លែងអំណរគុណចំពោះសមាជិក សមាជិការ នៃអង្គប្រជុំទាំងមូល និងជាពិសេសបានកោតសរសើរ អង្គការ WorldFish ចំពោះកិច្ចខិតខំ ប្រឹងប្រែងអនុវត្តការងារនាពេលកន្លងមកដែលសម្រេចបានលទ្ធផលជាច្រើន ព្រមទាំងបន្តកិច្ចសហប្រតិបត្តិ-ការបន្តទៀតជាមួយនឹងអាជ្ញាធរទន្លេសាប ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកំរិតជីវភាពរបស់ប្រជាជន ដែលរស់នៅតំបន់ជុំវិញបឹងទន្លេសាប។