យុទ្ធនាការបង្រ្កាបបទល្មើសនេសាទក្នុងបឹងទន្លេសាបនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ

ភ្នំពេញ: ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងជាប្រធាន អាជ្ញាធរបឹងទន្លេសាបបានប្រកាស នៅថ្ងៃ ទី៣មិថុនានេះថា ឱសានវាទសម្រាប់ការរុះរើ សម្រាស់ ធ្នស់ និងព្រួល ទាំងឡាយ នៅក្នុងដែន នេសាទ បឹងទន្លេសាបនឹងត្រូវផុតកំណត់ នៅថ្ងៃអាទិត្យ ទី៥ មិថុនានេះហើយ។ យុទ្ធនាការចុះបង្ក្រាបក៏នឹងផ្តើមធ្វើនៅថ្ងៃអាទិត្យនេះដែរ។ នៅក្នុងសន្និសីទកាសែតដែលបានបើកធ្វើនៅព្រឹកថ្ងៃទី៣មិថុនានេះ ឯកឧត្តម លឹម គានហោ បានមានប្រសាសន៍ថា យុទ្ធនាការនេះនឹង វាយប្រហារទៅលើ ៥៩០ ទីតាំងនៅក្នុង៨ខេត្តក្រុងជុំវិញ បឹងទន្លេសាបក្នុងនោះមាន សម្រាស់ ៣៣៧ កន្លែង ធ្នស់និងព្រួល ១៨០ កន្លែង លបនិងឡារ៉ាវ ៣០កន្លែង។
ប្រតិបត្តិការដែលនឹងផ្តើមនៅថ្ងៃអាទិត្យនេះដឹកនាំ ដោយគណៈកម្មការចម្រុះដែលមានឯកឧត្តម លឹម គានហោ ជាប្រធាន និងអភិបាលរងខេត្តទាំង៨ជុំវិញបឹងទន្លេសាបជាអនុប្រធាន។ ប្រតិបត្តិការនឹងផ្តើមនៅក្នុងខេត្ត៣មុនគេគឺខេត្តកំពង់ឆ្នាំង សៀមរាប និងកំពង់ធំមុននឹងឈានដល់ខេត្តផ្សេងទៀត។ យុទ្ធនាការនេះនឹងមានប្រើប្រាស់គ្រឿងចក្រដឹកតាមសាឡង់ មានកម្លាំងចម្រុះ និងអមដោយឧទ្ធម្ភាគចក្រហោះពីលើផង។
យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីធនធានទឹកអះអាងថា សម្រាស់ និងធ្នស់ចំនួនពី៧៥ទៅ៨៥ភាគរយត្រូវបានរុះរើរួចហើយក្នុងអំឡុងពេលនៃការប្រកាសឱសានវាទក្រោមការដឹកនាំរបស់អភិបាលរងខេត្តទាំង៨។ លោកព្រមានថា ប្រសិនបើមិនចាត់វិធានការទេ បីឆ្នាំទៀត ប្រទេសកម្ពុជានឹងខ្វះត្រីជាមិនខាន។
សូមបញ្ជាក់ថា ដោយបានការអនុញ្ញាតពីសម្តេចតេជោ ឯកឧត្តម លឹម គានហោ បានប្រកាសពី យុទ្ធនាការប្រើដាវ អាជ្ញាសឹករបស់ប្រមុខរដ្ឋាភិបាលដើម្បីកម្ចាត់ភាព អនាធិបតេយ្យក្នុងដែននេសាទ បឹងទន្លេសាប៕