ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​របស់​ក្រុមការងារ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ ខេត្តកំពង់ឆ្នាំង​

​នា​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​ក្រុមការងារ បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ទិន្នន័យ​ដីធ្លី នៃ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិ​ប្រចាំខេត្ត​កំពង់ឆ្នាំង​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​៖
- ការធ្វើ​បទ​បង្ហាញ អំពី​ទិន្នន័យ ព័ត៌មាន​ដែល​ប្រមូលបាន របស់​បណ្តា​ស្រុក​ទាំង​៦ ជាប់​ពាក់ព័ន្ធ​នឹង​តំបន់​ទន្លេសាប 
- ពិនិត្យមើល​អំពី​សក្តានុពល ការប្រកបមុខរបរ និង​ការប្រើប្រាស់​ដី​ក្នុង​តំបន់​១ តំបន់​២ និង​តំបន់​៣
- បញ្ហា​ប្រឈម និង​សំណូមពរ​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​តំបន់​នីមួយៗ​។​

​អង្គ​ប្រជុំបាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​ផ្តល់​ជា​ធាតុ​ចូល​លើ​វិធីសាស្ត្រ​នៃ​ការប្រមូល​ទិន្នន័យ ដើម្បី​ធ្វើឱ្យ​ទិន្នន័យ​ដែល​ប្រមូលបាន មាន​សុក្រឹតភាព និង​យកមកប្រើ​ប្រាស់​បាន​។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ បានស្នើ​ឱ្យ​គ្រប់​ស្រុក​ទាំងអស់ បូកសរុប និង​បំពេញបន្ថែម​នូវ​ព័ត៌មាន​ដែល​ចាំបាច់ ដោយ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់ ទិន្នន័យបឋម ដែល​ខ្វះចន្លោះ នៅតាម​បណ្តា​ភូមិ ឃុំ ស្រុក​ទាំង​៦ ដែល​ជាប់​តំបន់​បឹង​ទន្លេសាប ស្នើឱ្យ​ស្រុក​រៀបចំ​ទិន្នន័យ​នៃ​ការប្រើប្រាស់​ដី និង​ធ្វើ​ផែនទី​បង្ហាញ​អំពី​ទីតាំង​នីមួយៗ និង​បាន​ស្នើឱ្យ​ស្រុក​ទាំង​៦ បន្ត​ប្រមូល​ទិន្នន័យ​ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ក្រុមការងារ​អន្តរក្រសួង​នឹង​ចុះ​សិក្សា ពិនិត្យ និង​វាយតម្លៃ​ផ្ទាល់​នៅតាម​តំបន់​នានា​នៃ​ភូមិសាស្ត្រ​ស្រុក​ទាំង​៦ នៃ​ខេត្តកំពង់ឆ្នាំង ដែល​ជាប់​ពាក់ព័ន្ធ​តំបន់​១ តំបន់​២ និង​តំបន់​៣៕